សម្តេចហ៊ុន សែននិងលោកនាយករដ្ឋមន្ត្រីនេប៉ាល់អញ្ជើញ​ជាអធិបតីបើក​វេទិកាធុរកិច្ចកម្ពុជា​-នេប៉ាល់

នៅរសៀលថ្ងៃអង្គារ ១១កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង លោក សាម៉ា អូលី នាយករដ្ឋមន្ត្រីនេប៉ាល់ បានអញ្ជើញជាអធិបតីរួមគ្នាបើកវេទិកាធុរកិច្ចកម្ពុជា-នេប៉ាល់ ដែលរៀបចំឡើងនៅសណ្ឋាគារសុខាភ្នំពេញ។ វេទិកានេះមានការអញ្ជើញចូលរួមពីសំណាក់ធុរកិច្ចជនកម្ពុជា និងនេប៉ាល់ជាច្រើនរូប។ការរៀបចំវេទិការនេះឡើងក្នុងបំណងជំរុញឱ្យមានកិច្ចសហប្រតិបត្តិការលើផ្នែកធុរកិច្ចរវាងកម្ពុជា-នេប៉ាល់ ឲ្យកាន់តែប្រសើរឡើងថែមទៀត ខណៈបច្ចុប្បន្នការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានកម្រិតតិចតួចបំផុត។
បន្ទាប់ពីរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មប្រទេសទាំងពីរបានបង្ហាញរបាយការណ៍ពីវិស័យពាណិជ្ជកម្ម និង វិនិយោគនៃប្រទេសទាំងពីររួចហើយ ឯកឧត្តម ខេភី សាម៉ាអូលី នាយករដ្ឋមន្ត្រីនេប៉ាល់ ក៏បានបង្ហាញពីស្ថានភាពសេដ្ឋកិច្ច និងការរីកចម្រើន និងសក្តានុពលនៃប្រទេសនេប៉ាល់ផងដែរ។ ឯកឧត្តមបានថ្លែងអំណរគុណ សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានអញ្ជើញឯកឧត្តមនិងភរិយា ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់នេប៉ាល់មកទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណចក្រកម្ពុជានាពេលនេះ។ ឯកឧត្តមនាយករដ្ឋមន្រ្តី បានចាត់ទុកដំណើរទស្សនកិច្ចនេះជាការចាប់ផ្តើមនូវទំនាក់ទំនងផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគនៃប្រទេសយើងទាំងពីរ។ ឯកឧត្តមបានបន្តថា តាមរយៈការចុះកិច្ចព្រមព្រៀងកន្លងមកគឺដើម្បីពង្រីកកិច្ចសហប្រតិបត្តិការរវាងវិស័យឯកជននៃប្រទេសទាំងពីរដែលអាចធ្វើការជាមួយគ្នាដែលនាំមកនូវផលប្រយោជន៍សម្រាប់ប្រជាជាតិនៃប្រទេសទាំងពីរ។
ថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សប្បាយរីករាយក្រៃលែងដែលបានអញ្ជើញចូលរួមជាអធិបតីបើកវេទិការធុរកិច្ចកម្ពុជា-នេប៉ាល់ ជាមួយលោកនាយករដ្ឋមន្ត្រីនេប៉ាល់។ សម្តេចតេជោនាយករដ្ឋមន្ត្រី សម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះលោកនាយករដ្ឋមន្ត្រីនៃសាធារណៈរដ្ឋសហព័ន្ធប្រជាធិបតេយ្យនេប៉ាល់ និងគណៈប្រតិភូធុរជន និងអ្នកវិនិយោគនេប៉ាល់ ដែលបានអញ្ជើញមកទស្សនកិច្ចកនៅម្ពុជាដើម្បីស្វែងយល់ដោយផ្ទាល់ពីការរីកចម្រើនរបស់កម្ពុជា និង សក្តានុពលវិនិយោគ។គួររំឭកផងដែរថា កាលពីខែវិច្ឆិកា ឆ្នាំ២០១៨ កន្លងទៅ សម្តេចតេជោ បានដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការនៅនេប៉ាល់ជាលើកទី១ ដែលដំណើរទស្សនកិច្ចនេះមានសារៈសំខាន់ក្នុងការពង្រឹងទំនាក់ទំនងរវាងប្រទេសយើងទាំងពីរឱ្យកាន់តែល្អប្រសើរឡើង ជាពិសេសក្នុងវិស័យការទូត ពាណិជ្ជកម្ម និងទេសចរណ៍ ដែលកន្លងទៅថ្មីៗនេះប្រទេសទាំងពីរបានចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន៤ រួមមាន៖
១) កិច្ចព្រមព្រៀងសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស។
២)កិច្ចព្រមព្រៀងស្តីពីការលើកលែងទិដ្ឋាការលើលិខិតឆ្លងដែន ការទូត និងផ្លូវការ។
៣) អនុស្សារណៈនៃការយោគយល់គ្នាស្តីពីការពិគ្រោះយោបល់ទ្វេភាគីរវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ ៤) អនុស្សារណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌រវាងប្រទេសទាំងពីរ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រាសាសន៍ថា កម្ពុជា និងនេប៉ាល់ បានចាប់ផ្តើមមានទំនាក់ទំនងជាមួយគ្នាតាំងពីឆ្នាំ១៩៦៤ មកម្ល៉េះ ប៉ុន្តែទំនាក់ទំនងនេះត្រូវផ្អាកមួយរយៈដោយសារបញ្ហាសង្គ្រាមស៊ីវិលនៅកម្ពុជា។ ទំនាក់ទំនងការទូតវាងប្រទេសយើងទាំងពីរត្រូវបានតភ្ជាប់ឡើងវិញ នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ១៩៩៩ ហើយទំនាក់ទំនងនេះមានលក្ខណៈជាមិត្តភាពកាន់តែស្និទ្ធស្នាលតាមរយៈការផ្លាស់ប្តូរដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំនៃប្រទេសយើងទាំងពីរ។សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា តាមរយៈដំណើរទស្សនកិច្ចផ្លូវការរបស់ឯកឧត្តម ខេ ភី សាម៉ា អូលី មកកម្ពុជា នាពេលនេះ បានបន្តពង្រឹងទំនាក់ទំនងនៃប្រទេសយើងទាំងពីរឱ្យកាន់តែស៊ីជម្រៅថែមទៀត។ ជាក់ស្ដែងកាលពីម្សិលមិញនេះយើងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយចំនួនទៀត ដែលក្នុងនោះ រួមមាន៖ ១) កិច្ចព្រមព្រៀងក្របខណ្ឌស្តីពីសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគរវាងក្រសួងពាណិជ្ជកម្មនៃប្រទេសទាំងពីរ និង ២) អនុស្សារណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងសភាពាណិជ្ជកម្មនៃប្រទេសទាំងពីរ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបន្តទៀតថា ក្នុងរយៈពេលជាង២ទស្សវត្សរ៍ចុងក្រោយនេះ កម្ពុជាសម្រេចបាននូវកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំ ជាមធ្យម ក្នុងរង្វង់ ៧,៧% ហើយបានចាកចេញពីឋានៈជាប្រទេសមានចំណូលទាបទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាប ក្នុងឆ្នាំ២០១៥។ ជាងនេះទៅទៀត នៅក្នុងឆ្នាំ២០១៨ សេដ្ឋកិច្ចកម្ពុជាមានកំណើនលើសពីការរំពឹងទុក ពោលគឺបានកើនឡើងក្នុងអត្រា ៧,៥% ធៀបនឹងការគ្រោងទុក ៧,១%ពីដើមឆ្នាំ ដែលជាមូលដ្ឋាននៃការបន្តភាពរឹងមាំ នៅក្នុងឆ្នាំ២០១៩ នេះ។ កម្ពុជាកំពុងស្ថិតនៅលើគន្លងនៃការឈានទៅសម្រេចបានឋានៈជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ត្រឹមឆ្នាំ២០៣០ តាមការកំណត់ក្នុងរបៀបវារៈនៃគោលនយោបាយជាតិ។ក្នុងក្របខណ្ឌនៃការវិនិយោគ កម្ពុជានៅតែជាប្រទេសគោលដៅដែលមានសក្តានុពលសម្រាប់អ្នកវិនិយោគទាំងក្នុងស្រុក និងបរទេស។ ជាក់ស្តែង ផ្អែកតាមការកត់ត្រារបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សម្រាប់រយៈពេល៥ឆ្នាំ(២០១៤-២០១៨)ស្ថានភាពវិនិយោគរបស់កម្ពុជាមានលក្ខណៈល្អប្រសើរ ដោយកម្ពុជាបានអនុម័តគម្រោងវិនិយោគចំនួន ៩៥៩គម្រោង ក្នុងទុនវិនិយោគសរុបចំនួនប្រមាណ ២៣ប៊ីលានដុល្លារអាមេរិកដែលអាចបង្កើតការងារចំនួន ១លានកន្លែង។ ដោយឡែក ក្នុងរយៈពេល៤ខែដើមឆ្នាំ២០១៩ នេះ គម្រោងវិនិយោគដែលត្រូវបានអនុម័តមានចំនួន ១១៥គម្រោង ក្នុងទុនវិនិយោគប្រមាណ ៤ប៊ីលានដុល្លារអាមេរិកបើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៨ ដែលមានចំនួនត្រឹមតែ ៨១គម្រោង ក្នុងទុនវិនិយោគប្រមាណជា៨៦៣លានដុល្លារអាមេរិកប៉ុណ្ណោះ។ ចំណែកក្នុងវិស័យទេសចរណ៍ ចំនួនភ្ញៀវទេសចរដែលបានមកកាន់កម្ពុជាបន្តកើនឡើងជាលំដាប់។ ក្នុងត្រីមាសទី១ ឆ្នាំ២០១៩ កម្ពុជាបានស្វាគមន៍ភ្ញៀវទេសចរបរទេសសរុបប្រមាណជា ១,៨៨លាននាក់ មានការកើនឡើង ៩,៧% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៨។ យើងរំពឹងថា ចំនួនភ្ញៀវទេសចរនឹងកើនឡើងបន្ថែមទៀតនៅក្នុងឆ្នាំបន្តបន្ទាប់ ដែលនេះជាឱកាសដ៏ល្អសម្រាប់អ្នកវិនិយោគ និងធុរជនក្នុងការបណ្តាក់ទុនក្នុងវិស័យនេះ។រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥- ២០២៥ ដែលជាយុទ្ធសាស្ត្រកំណើនសេដ្ឋកិច្ចថ្មី សំដៅធ្វើពិពិធកម្មសេដ្ឋកិច្ច និងកែប្រែរចនាសម្ព័ន្ធឧស្សាហកម្មកម្ពុជាពីឧស្សាហកម្មអតិពលកម្ម ទៅជាឧស្សាហកម្មផ្នែកលើជំនាញត្រឹមឆ្នាំ២០២៥។ ជាក់ស្តែង គោលនយោបាយនេះបានកំណត់ប្រភេទ ឧស្សាហកម្មអាទិភាពចំនួន៥ រួមមាន៖ ១) ឧស្សាហកម្ម ឬកម្មន្តសាលថ្មីៗដែលមានចរិតជាការបើកច្រកចូលទីផ្សារ ផ្តល់តម្លៃបន្ថែមខ្ពស់ មានភាពច្នៃប្រឌិត និងភាពប្រកួតប្រជែងខ្ពស់,២) សហគ្រាសធុនតូចនិងមធ្យមក្នុងត្រប់វិស័យ, ៣) ផលិតកម្មកសិ-ឧស្សាហកម្មដែលបម្រើឱ្យការនាំចេញនិងទីផ្សារក្នុងស្រុក, ៤) ប្រភេទឧស្សាហកម្មគាំទ្រពាក់ព័ន្ធនឹងវិស័យកសិកម្ម ទេសចរណ៍ និងកាត់ដេរ ព្រមទាំងឧស្សាហកម្មបម្រើឱ្យខ្សែច្រវាក់ផលិតកម្មតំបន់ ដែលជាឧស្សាហកម្មតភ្ជាប់ទៅទីផ្សារ ឬខ្សែច្រវាក់តម្លៃ
សកល, និង ៥) ប្រភេទឧស្សាហកម្មបម្រើឱ្យខ្សែច្រវាក់ផលិតកម្មតំបន់ និងមានចរិតយុទ្ធសាស្ត្រនាពេលអនាគត។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលចាត់ទុកវិស័យឯកជនជក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ច និងជាដៃគូដ៏ពិតប្រាកដក្នុងការអភិវឌ្ឍប្រទេស។ យើងបានបង្កើតយន្តការសន្ទនាមួយ ហៅថា “វេទិការាជរដ្ឋាភិបាលផ្នែកឯកជន” ដោយមានការចូលរួមពីរដ្ឋមន្ត្រីគ្រប់ក្រសួង ស្ថាប័ន អភិបាលគ្រប់រាជធានី-ខេត្តតំណាងផ្នែកឯកជនគ្រប់វិស័យ ឯកឧត្តម លោកជំទាវ ឯកអគ្គរដ្ឋទូតប្រចាំកម្ពុជា និងតំណាងស្ថាប័នអន្តរជាតិមួយចំនួន។ វេទិកាវិស័យឯកជន និងរដ្ឋាភិបាលនេះ បានដាក់ចេញនូវវិធានការមុតសិចមួយចំនួនគឺ ១) បង្កើនភាពប្រកួតប្រជែងនៃសេដ្ឋកិច្ចកម្ពុជា, ២) កែលម្អ និងលើកស្ទួយថែមទៀតនូវបរិយាកាសវិនិយោគ និងធុរកិច្ច, និង ៣) ធ្វើពិពិធកម្មសេដ្ឋកិច្ចជាតិ និងបង្កើតការងារប្រកបដោយគុណភាពកាន់តែច្រើនថែមទៀតជូនប្រជាជនកម្ពុជា។ សម្តេចតេជោ សូមស្វាគមន៍ចំពោះរាល់ការសម្រេចចិត្តដ៏ឈ្លាសវៃរបស់អ្នកវិនិយោគបរទេសទាំងអស់ ជាពិសេសអ្នកវិនិយោគនេប៉ាល់ដែលមានបំណងជ្រើសរើសកម្ពុជាជាគោលដៅវិនិយោគដ៏មានសក្តានុពលខ្ពស់ក្នុងការចាប់ផ្តើមឬពង្រីកអាជីវកម្មរបស់ខ្លួន។ទន្ទឹមនឹងនេះសម្តេចក៏សូមលើកទឹកចិត្តដល់អ្នកវិនិយោគកម្ពុជាដែលមានបំណងចង់ពង្រីកអាជីវកម្មរបស់ខ្លួននៅក្រៅប្រទេស ពិចារណាប្រទេសនេប៉ាល់ជាប្រទេសគោលដៅរបស់ខ្លួន។សម្តេចតេជោ ហ៊ុន សែន បានជម្រាបជូនធុរជន និងអ្នកវិនិយោគទាំងអស់អំពីសក្តានុពលវិនិយោគ និងឧត្តមភាពសំខាន់ៗរបស់កម្ពុជាលើ ៤ចំណុចគឺ៖ ទី១)ភាពអំណោយផលនៃស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច។ ទី២)ការបើកចំហសេដ្ឋកិច្ចសម្រាប់អ្នកវិនិយោគទាំងអស់ដោយគ្មានការរើសអើងរវាងអ្នកវិនិយោគកម្ពុជា និងអ្នកវិនិយោគបរទេស។ ទី៣)កម្លាំងពលកម្មដែលមានភាពសម្បូរបែបនិងវ័យក្មេង ដែលក្នុងនោះប្រជាជនដែលមានអាយុ៣៥ឆ្នាំចុះ មានចំនួនដល់ទៅ ៧២% នៃចំនួនប្រជាជនសរុប គួបផ្សំនឹងប្រាក់ឈ្នួលដែលមានភាពប្រកួតប្រជែង។ ទី៤)កម្ពុជាស្ថិតនៅលើទីតាំងជាយុទ្ធសាស្ត្រក្នុងតំបន់អាស៊ាន ដែលតំបន់នេះបាននិងកំពុងក្លាយជា “រោងចក្រនៃអាស៊ី” ។ ទំនិញផលិតនៅកម្ពុជាអាចផ្គត់ផ្គង់ទីផ្សារនៅក្នុងស្រុក, ទីផ្សារអនុតំបន់មេគង្គ, ទីផ្សារអាស៊ាន, និងទីផ្សារសំខាន់ៗដទៃទៀតក្នុងពិភពលោក។ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោនាយករដ្ឋមន្ត្រី ស្វាគមន៍ចំពោះរាល់ការសម្រេចចិត្តដ៏ឈ្លាសវៃរបស់អ្នកវិនិយោគបរទេសទាំងអស់ ជាពិសេសអ្នកវិនិយោគនេប៉ាល់ដែលមានបំណងជ្រើសរើសប្រទេសកម្ពុជាជាគោលដៅវិនិយោគដ៏មានសក្តានុពលខ្ពស់ក្នុងការចាប់ផ្តើម ឬពង្រីកអាជីវកម្មរបស់ខ្លួននៅក្រៅប្រទេស។ ទន្ទឹមនឹងនេះ សម្តេចតេជោនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានផ្តល់ការលើកទឹកចិត្តដល់អ្នកវិនិយោគកម្ពុជាដែលមានបំណងចង់ពង្រីកអាជីវកម្មរបស់ខ្លួននៅក្រៅប្រទេស គឺពិចារណាលើប្រទេសនេប៉ាល់ដែលជាប្រទេសគោលដៅរបស់ខ្លួន។
ឆ្លៀតក្នុងឱកាសនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានជម្រាបជូនធុរជន និងអ្នកវិនិយោគទាំងអស់អំពីសក្កានុពលវិនិយោគ និងឧត្តមភាពសំខាន់ៗរបស់កម្ពុជាលើ៤ចំណុច៖
១)ភាពអំណោយផលនៃស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច។
២)ការបើកចំហរសេដ្ឋកិច្ចសម្រាប់អ្នកវិនិយោគទាំងអស់ ដោយគ្មានការរើសអើងរវាងអ្នកវិនិយោគកម្ពុជា និងអ្នកវិនិយោគបរទេស។គ្រប់វិនិយោគិនទាំងអស់អាចដាក់ទុនវិនិយោគភាគហ៊ុនផ្ទាល់ ១០០% ដោយមិនចាំបាច់មានភាគហ៊ុនក្នុងស្រុកឡើយ។
៣)កម្លាំងពលកម្មដែលមានភាពសម្បូរបែបនិងវ័យក្មេង ដែលក្នុងនោះប្រជាពលរដ្ឋដែលមានអាយុ ៣៥ឆ្នាំចុះ មានចំនួនដល់ទៅ ៧២%នៃចំនួនប្រជាពលរដ្ឋសរុប គួបផ្សំនឹងប្រាក់ឈ្នួលដែលមានភាពប្រកួតប្រជែង។
៤)កម្ពុជាស្ថិតនៅលើទីតាំងជាយុទ្ធសាស្ត្រក្នុងតំបន់អាស៊ាន ដែលតំបន់នេះបាននឹងកំពុងក្លាយជា “រោងចក្រនៃអាស៊ី”។ ទំនិញផលិតផលនៅប្រទេសកម្ពុជាអាចផ្គត់ផ្គង់ទីផ្សារនៅក្នុងស្រុក ទីផ្សារអនុតំបន់មេគង្គ ទីផ្សារអាស៊ាន និងទីផ្សារសំខាន់ៗដទៃទៀតក្នុងពិភពលោក។សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកទឹកចិត្តដល់អ្នកវិនិយោគនេប៉ាល់ និងវិនិគិនបរទេសទាំងអស់ ដែលមិនទាន់បានមកកម្ពុជា សូមអញ្ជើញមកសិក្សាស្វែងយល់ពីសក្តានុពល និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា ព្រមទាំងសម្រេចចិត្តបណ្តាក់ទុនវិនិយោគនៅកម្ពុជា។ ទន្ទឹមនឹងនេះ ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែនធានាជូនអ្នកវិនិយោគិនគ្រប់រូបនូវបរិស្ថានគ្រប់បែបយ៉ាងដែលអនុគ្រោះ និងជួយជំរុញដល់ការវិនិយោគ ពិសេសគឺសន្តិភាព និងស្ថិរភាពនយោបាយ ក៏ដូចជាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ក្របខណ្ឌច្បាប់ និងស្ថាប័នដែលប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងភាពអាចប៉ាន់ប្រមាណបាន។មុននឹងបញ្ចប់ សម្តេចតជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានជូនពរ ឯកឧត្តម លោកជំទាវ លោកឧញ៉ា លោក លោកស្រី និងវិនិយោគិនទាំងអស់ ទទួលបានសុខភាពល្អ សេចក្តីសុខចម្រើន និងជោគជ័យគ្រប់ភារកិច្ចរៀងៗខ្លួន៕ដោយ៖សហការី

Leave a Reply

Your email address will not be published. Required fields are marked *