អ្នក​នាំ​ពាក្យ​ប្រតិកម្មនឹ​ងអង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស Human Rights Wat​ch​​ស្តីពី​ការ​រៀប​​ចំ​សន្និ​សីទ«សា​រព័ត៌មា​ន​អាស៊ី»

អ្នក​នាំពាក្យ​រដ្ឋាភិបាល​កម្ពុជា លោក ផៃ ស៊ីផាន បាន​បង្ហាញ​ការ​សោកស្តាយ​ចំពោះ​ការ​លើក​ឡើង​របស់ អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស Human Rights Watch​ ស្តីពី​ការ​រៀប​ចំ​សន្និ​សីទ«សារព័ត៌មាន​អាស៊ី»។ អង្គការ​នេះ​បាន​ចាត់​ទុក​សន្និសីទ«សារព័ត៌មាន​អាស៊ី»លើក​ទី១៦ ដែល​កំពុង​ធ្វើ​ឡើង​នៅ​សៀមរាប ថា​ជា​រឿង​មិន​សម​ហេតុផល​​។ លោក ផៃ ស៊ីផាន បញ្ជាក់​ថា លោក​មាន​ការ​សោកស្តាយ ដែល​អង្គការ​សិទ្ធិ​មនុស្ស​មួយ​នេះ មាន​ជំហរ​តែមួយ​គត់​គឺ​អ្វី​ដែល​គេ​គិត​គឺ​ត្រូវ​ទាំង​អស់។ ប៉ុន្តែ​ជាក់​ស្តែង​អ្វី ដែល​បាន​លើក​ឡើង មិន​បាន​ឆ្លើយ​តប​នឹង​ស្ថានការណ៍​នៅ​កម្ពុជា​ទេ​។ លោក​បន្ថែម​ថា ការ​ចោទ​ប្រកាន់​រដ្ឋាភិបាល​កម្ពុជា​ថា​បាន​បិទ​សារព័ត៌មាន​សេរី​គឺ​ជា​ការ​ប្រឌិត​តែ​ប៉ុណ្ណោះ។​កាល​ពីថ្ងៃទី​០៩ ខែ​មិថុនា លោក ហ្វីល រ៉ូបឺតសុន នាយក​រង​ទទួល​បន្ទុក​កិច្ច​ការ​តំបន់​អាស៊ី​នៃអង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស បាន​លើក​ឡើង​ ថា“វាជា​រឿង​មិន​សម​ហេតុ​ផល​សោះ ដែល​សន្និសីទ​ដែល​មាន​អង្គការ​សហ​ប្រជា​ជាតិ​គាំទ្រ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា ខណៈ​រដ្ឋាភិបាល​កម្ពុជា​បាន​បិទ​កាសែត​ឯករាជ្យ និង​កម្ម​វិធី​ផ្សាយ​វិទ្យុ ហើយ​ប្រព័ន្ធផ្សព្វផ្សាយ​ភាគ​ច្រើន​ក្នុង​ប្រទេស​ត្រូវ​បាន​គ្រប់​គ្រង​។” លោក​បន្ត​ថា អ្នក​ចូល​រួម​នៅ​ក្នុង​សន្និសីទ«សារព័ត៌មាន​អាស៊ី» គួរ​តែ​អំពាវនាវ​ជា​សាធារណៈ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​បញ្ឈប់​សកម្ម​ភាព​ធ្វើ​ទុក្ខបុក​ម្នេញ​លើ​អ្នក​សារព័ត៌មាន និង​អនុញ្ញាត​ឲ្យ​មាន​ដំណើរ​ការ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ឡើង​វិញ​។សូម​ជម្រាប​ជូន​ថា​នៅ​ថ្ងៃទី១២ ខែ​មិថុនា នេះ​សម្តេចនាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន បាន​អញ្ជើញ​ជា​អធិបតី បើក​ជា​ផ្លូវ​ការ​នូវ​សន្និសីទ​កំពូល «សារព័ត៌មាន​អាស៊ី» លើកទី​១៦ ដែល​ប្រារព្ធ​ធ្វើ​ឡើង​នៅ​សណ្ឋាគារ​សុខា ក្នុង​ខេត្ត​សៀមរាប។ សន្និសីទ«សារព័ត៌មាន​អាស៊ី» នាឆ្នាំ​នេះ​ធ្វើ​ឡើង​ក្រោម​ប្រធាន​បទ «ប្រព័ន្ធផ្សព្វផ្សាយ​ឌីជី​ថល-អភិវឌ្ឍន៍​ទីផ្សារ» និង​មាន​អ្នក​ចូល​រួម​ប្រមាណ​៥០០​នាក់ ពី​ប្រទេស​ជាង​៤០​ពី​តំបន់ និង​ពិភព​លោក​។កាលពី​​ឆ្នាំ២០១៧ អាជ្ញាធរ​កម្ពុជា​បាន​បញ្ជា​ឲ្យ​បិទហ្រ្វេកង់​វិទ្យុ​ប្រមាណ៣២ នៅ​ស្ទើរ​ទូទាំង​ប្រទេស ដែល​វិទ្យុទាំង​នោះ​ភាគ​ច្រើន​បាន​ផ្សាយ​ការ​ផ្សាយ​ជា​ភាសាខ្មែរ​របស់​វិទ្យុ​អាស៊ីសេរី(RFA) វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក​(VOA) និង​សំឡេង​ប្រជាធិប​តេយ្យ(VOD)។ ដោយ​ឡែក​កាសែត The Cambodia Daily បាន​បិទ​ដំណើរ​ការ​របស់​ខ្លួន បន្ទាប់​ពី​រង​ការ​ចោទ​ប្រកាន់​ពីរដ្ឋាភិបាល​ថាមិន​បាន​បង់​ពន្ធ​ប្រមាណ៦.៣​លាន​ដុល្លារ​អាមេរិក។ប៉ុន្តែ​លោក ផៃ ស៊ីផាន បាន​លើក​ឡើង​ថា រដ្ឋាភិបាល​កម្ពុជា​មិន​បាន​បង្ខំ​ឲ្យ​វិទ្យុ​បរទេស​ទាំង​នោះ​បិទ​ទេ។ ប៉ុន្តែ​ដ្ឋាភិបាល​សុំ​ឲ្យ​មាន​ការ​ឆ្លើយ​តប និង​អនុវត្ត​តាម​ច្បាប់​របស់​កម្ពុជា​។ លោក​បញ្ជាក់​ថា​ការ​ចោទ​ប្រកាន់​មក​លើ​រដ្ឋាភិបាល គឺ​ជា​ការ​ប្រឌិត និង​ជា​ការ​លាប​ពណ៌​តែ​ប៉ុណ្ណោះ​៕ដោយ៖សហការី

Leave a Reply

Your email address will not be published. Required fields are marked *