មជ្ឍដ្ឋានប្រជាពលរដ្ឋសង្ឃឹមថាមេ​ឈ្មួញឧក្រិដ្ឋកម្មព្រៃឈើគង់ក្រឹងដែល​ល្បីល្បាញ​ខាង​បំផ្លាញ​ព្រៃឈើ​នៅ​ខេត្តក្រចេះក៏​មាន​វាសនា​មិន​ខុសពី​​មេ​ឈ្មួញសឹង សំ​អុលនោះឡើយ

កងកម្លាំងសមត្ថកិច្ចអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេសកាលពី​រសៀល​ថ្ងៃទី​០៩ ខែកក្កដា ឆ្នាំ​២០១៩ បាន​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​ព្រៃឈើ​ទ្រង់ទ្រាយ​ធំ​នៅ​ខេត្តមណ្ឌលគិរីហើយ​ឃាត់ខ្លួន​មេ​ឈ្មួញឧក្រិដ្ឋកម្មព្រៃឈើសឹង សំអុល ដែលជា​មន្ត្រី​អាវុធហត្ថ ព្រមទាំង​បក្ខពួក​៣​នាក់​ផ្សេងទៀត​ផងដែរ​។ បើតាមប្រភពពី​សមត្ថកិច្ច​ក្នុង​ខេត្តមណ្ឌលគិរីបាន​ឲ្យ​ដឹងថា មេ​បំផ្លាញព្រៃឈើ សឹង សំអុល ព្រមទាំង​បក្ខពួក​ត្រូវបាន​ឃាត់ខ្លួន ហើយ​កម្លាំង​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ឃាត់ទុក​រថយន្ត​ពាក់ព័ន្ធ​បទល្មើស​ចំនួន​ជាង​៤០​គ្រឿង​ទៀតផង​។ ដូច្នេះហើយ​ទើប​មជ្ឈដ្ឋាន​ប្រជាពលរដ្ឋរង់​ចាំមើល​ចំណាត់ការ​របស់​សមត្ថ​កិច្ច​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ចំពោះ​មេ​ឈ្មួញ សឹង សំអុលដែលជាឈ្មួញដ៍មានអំណាចឥទ្ធិពល​ធំធេង​ក្នុងការ​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​នៅភូមិភាគឥសាន្តយូរឆ្នាំ​មកហើយ​។ប្រភព​ដែល​ស្និទ្ធ​នឹង​មេ​ឈ្មួញ សឹង សំអុល បាន​ឲ្យ​ដឹងថា មួយរយៈ​កន្លងទៅនេះ​មេ​ឈ្មួញ សឹង សំអុល បន្ត​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរីឡើងពេញបន្ទុក​។ គ្រាន់តែ​ក្នុងអំឡុង​ខែមិថុនា រហូតដល់​ថ្ងៃទី​០៨ ខែកក្កដា ឆ្នាំ​២០១៩ មេ​ឈ្មួញ សឹង សំអុល ដឹកជញ្ជូន​ឈើ​តាម​រថយន្ត​ប្រភេទ​វ៉េ​អង និង​ប្រភេទ​យី​ឌុប​រាប់រយ​គ្រឿង​ចេញទៅ​ស្រុក​យួន​តាម​ច្រកព្រំដែន​ក្នុងស្រុក​ស្នួល ខេត្តក្រចេះ ក៏ដូចជា​តាម​ច្រកព្រំដែន​ក្នុងស្រុក​មេមត់ និង​ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ​យ៉ាងគគ្រឹកគគ្រេង។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា នៅ​ចំពោះមុខ​អ្នកសារព័ត៌មាន គឺ​មេ​ឈ្មួញ សឹង សំអុល តែង​ប្រើ​ឈ្មោះ​មន្ត្រីជាន់ខ្ពស់​ក្នុង​ក្រសួងការពារជាតិ​មួយរូប​ដែលជា​ខ្នងបង្អែក​យ៉ាងរឹងមាំ​របស់ខ្លួន​។​ ទោះជា​យ៉ាងណា​មជ្ឈដ្ឋាន​នានា​សង្ឃឹមថា ការបង្ក្រាប​មេ​ឈ្មួញ សឹង សំអុល និង​បក្ខពួក​នៅពេលនេះ​គឺជា​ការព្រមាន​ដល់​ឈ្មួញ​ដ៍ទៃទៀត​ផងដែរ ។ព្រោះ​ពួកគេ​បំផ្លាញ​ព្រៃឈើ​នៅ​តំបន់​ភូមិភាគ​ឥសាន្ត យ៉ាង​មហន្តរាយ​។ ក្នុងនោះ​មជ្ឃដ្ឋានប្រជាពលរដ្ឋសង្ឃឹមថា មេ​ឈ្មួញឧក្រិដ្ឋកម្មព្រៃឈើគង់ក្រឹង ដែល​ល្បីល្បាញ​ខាង​បំផ្លាញ​ព្រៃឈើ​នៅ​ខេត្តក្រចេះក៏មាន​វាសនា​មិន​ខុសពី​មេ​ឈ្មួញ សឹង សំអុល នោះឡើយ​៕ដោយ៖លោកស្រីជាគន្ធា

Leave a Reply

Your email address will not be published. Required fields are marked *