ឯ​កឧត្តម វេង សាខុនបានអញ្ជើញជាកិត្តិយសក្នុងមហាសន្និបាតនិងការបោះឆ្នោតអាណត្តិទី៣ របស់សហព័ន្ធស្រូវអ​ង្ករកម្ពុជាក្រោ​មអធិបតីភាព​ឧបនាយករដ្ឋមន្ត្រីយឹ​ម ឆៃលី

នៅសណ្ឋាគារភ្នំពេញ នារសៀល ថ្ងៃសុក្រ ៩កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទបានអញ្ជើញជាកិត្តិយសក្នុងមហាសន្និបាត និងការបោះឆ្នោតអាណត្តិទី៣ របស់សហព័ន្ធស្រូវអង្ករកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី និងជាប្រធានក្រុមប្រឹក្សាស្ដារ អភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ។មានមតិស្វាគមន៍ និងសំណេះសំណាលជូនអង្គពិធីទាំងមូល ឯកឧត្តមរដ្ឋមន្ត្រីបានធ្វើការវាយតម្លៃខ្ពស់ចំពោះសកម្មភាព និងសមិទ្ធផលជាច្រើនដែលសហព័ន្ធស្រូវអង្ករកម្ពុជាសម្រេចបាននាពេលកន្លងមក ក្រោមការដឹកនាំរបស់ឯកឧត្តម សុខពុទ្ធិវុធអតីតប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា។ទន្ទឹមនឹងនេះលោកក៏បានធ្វើការអបអរសាទរជូនចំពោះលោកឧកញ៉ា សុង សារ៉ន ប្រធានប្រតិបត្តិសហព័ន្ធស្រូវអង្ករកម្ពុជាថ្មី និងលោកឧកញ៉ា ហ៊ុន ឡាក់ ប្រធានក្រុមប្រឹក្សាសហព័ន្ធស្រូវអង្ករកម្ពុជា ដែលត្រូវបានទទួលការគាំទ្រយ៉ាងពេញទំហឹងពីសមាជិក សមាជិកានៃសហព័ន្ធស្រូវអង្ករកម្ពុជាទាំងមូល។ពាក់ព័ន្ធនឹងវិស័យកសិកម្ម ឯកឧត្តមរដ្ឋមន្ត្រីក៏បានគូសបញ្ជាក់អំពីការវិវឌ្ឍរីកចម្រើនក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ ពីប្រទេសដែលអសន្តិសុខស្បៀង មកជាប្រទេសដែលមានអតិរេកស្បៀង និងធ្វើការនាំចេញផលិតផលកសិកម្មទៅទីផ្សារពិភពលោក។ សមិទ្ធផលដ៏ធំធេងដែលសម្រេចបានក៏នៅតែមាននូវបញ្ហាប្រឈមមួយចំនួនទៀតតែទាមទារឲ្យគ្រប់ភាគីពាក់ព័ន្ធរួមគ្នាដោះស្រាយ ដើម្បីបន្តការអភិវឌ្ឍវិស័យនេះប្រកបដោយប្រសិទ្ធភាព និងចីរភាព ធ្វើយ៉ាងណាជួយប្រជាកសិករយើងដើរឲ្យទាន់នៃបរិបទសេដ្ឋកិច្ចជាតិ ជាពិសេសសម្រេចឲ្យបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងការប្រែក្លាយប្រទេសជាតិទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នាឆ្នាំ២០៣០ និងកម្រិតខ្ពស់នាឆ្នាំ២០៥០។ក្នុងន័យនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបាន និងកំពុងខិតខំប្រឹងប្រែងធ្វើការកំណែទម្រង់ទាំងគោលនយោបាយ ទិសដៅ និងការអនុវត្តរបស់ខ្លួន ពោលគឺជំរុញការធ្វើទំនើបកម្មកសិកម្ម និងលើកម្ពស់អភិក្រម “រដ្ឋ-ឯកជន-ដៃគូអភិវឌ្ឍន៍-សហគមន៍” ដោយផ្តោតជាសំខាន់លើយន្តការយន្តុពាណិជ្ជកម្មកសិកម្ម ការកែច្នៃផលិតផលកសិកម្ម ការបំពេញខ្សែច្រវាក់ផលិតកម្មកសិកម្ម ការផលិតពូជសុទ្ធ និងការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា ដើម្បីបង្កើនការប្រកួតប្រជែងដល់ប្រជាកសិករ៕ដោយ៖សហការី

Leave a Reply

Your email address will not be published. Required fields are marked *