អគ្គលេ​ខាធិការនៃអង្គការទេសចរណ៍ពិភពលោកបានផ្ញើលិខិតកោតសរសើរដល់ទឹកចិត្ដមនុស្សធម៌​និងសេចក្ដី​​ក្លាហាន​ជូនចំពោះ​​ប្រមុខរដ្ឋាភិបា​លកម្ពុជា

បើយោងតាមក្រសួងទេសចរណ៍បានឲ្យដឹងថាអគ្គលេខាធិការនៃអង្គការ​ទេស​ចរណ៍​ពិភពលោក(UNWTO)លោកហ៊្សូរ៉ាប់ ប៉ូឡូលីកាស់វីលី (Zurab Pololikashvili) បានផ្ញើលិខិតកោតសរសើរដល់ទឹកចិត្ដមនុស្សធម៌និងសេចក្ដី​ក្លាហាន​ជូនចំពោះ​ប្រមុខរដ្ឋាភិបាលកម្ពុជា។ តាមរយៈលិខិតចុះថ្ងៃទី១៤ ខែកុម្ភៈឆ្នាំ២០២០ នៅទីក្រុងម៉ាឌ្រីត ប្រទេសអេស្ប៉ាញលោកZurab Pololikashvili អគ្គលេខាធិការនៃអង្គការ​ទេស​ចរណ៍​ពិភពលោក(UNWTO) បានបញ្ជាក់ថា “ខ្ញុំសូមសំដែងនូវការកោតសរសើរយ៉ាងជ្រាលជ្រៅបំផុត ក្នុងនាមអង្គការ​ទេស​ចរណ៍ពិភពលោក ជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានឆ្លើយតបប្រកបដោយ​មនុស្សធម៌គួរឱ្យកត់សំគាល់ចំពោះស្ថានភាពដ៏លំបាកនៃនាវាទេសចរណ៍ MS Westerdam ដោយបានទទួលស្វាគមន៍យ៉ាងកក់ក្តៅនិងអនុញ្ញាតឱ្យចុះចតនៃកំពង់ផែខេត្តព្រះសីហនុ។ បើទោះបីស្ថិតក្នុងស្ថានភាពនៃការភ័យខ្លាចនៃជំងឺវីរុសកូរ៉ូណាក៏ដោយ”។ លោកបានបន្ដថា ដូចយើងទាំងអស់គ្នាបានដឹងហើយ ការរីករាលដាលនៃជំងឺវីរ៉ុសកូរ៉ូណានាពេលបច្ចុប្បន្ននេះ គឺជាប្រភពនៃការព្រួយបារម្ភចំពោះសហគមន៍អន្តរជាតិហើយការខិតខំប្រឹងប្រែងដើម្បី​ទប់​ទល់ការឆ្លងនៃជំងឺ និងការបង្កើតនូវការព្យាបាលមួយគឺជាការងារបន្ទាន់ចាំបាច់ដែលត្រូវដឹក​នាំអនុវត្តដោយអង្គការសុខភាពពិភពលោក(WHO)។ លោលអគ្គលេខាធិការបានបន្ដ​ទៀត​ថា រដ្ឋាភិបាលចិនបាននិងកំពុងចាត់វិធានការដោយប្រុងប្រយ័ត្ន!ស្មើដៃគ្នា ព្រមជាមួយនឹងកិច្ច​សហប្រតិបត្តិការយ៉ាងជិតស្និតជាមួយអង្គការសុខភាពពិភពលោកនិងដៃគូពាក់ព័ន្ធនានា​ដើម្បី​ទប់​ទល់​ទៅនឹង​ការរាតត្បាតនៃជំងឺនេះ។ជាមួយគ្នានេះ អង្គការទេសចរណ៍ពិភពលោកក៏កំពុងពិនិត្យយ៉ាងយកចិត្តទុកដាក់​ចំពោះការវិវត្តន៍នៃជំងឺវីរ៉ុសកូរ៉ណានេះ តាមរយៈកិច្ចប្រជុំជាប់ជាប្រចាំជាមួយអង្គការសុខភាព​ពិភពលោក ហើយយើងមានសេចក្តីរីករាយដែលបានដឹងថា អត្រានៃការឆ្លងជំងឺនេះមានការ​ថយចុះ។លោកបានលើកឡើងថា យើងពិតជាមានមោទនភាពណាស់ចំពោះការ​បង្ហាញ​ចេញរបស់កម្ពុជានូវសាមគ្គីអន្តរជាតិ ដែលនឹងលើកទឹកចិត្តដល់ប្រទេសផ្សេងៗទៀតឱ្យ​ធ្វើ​តាមនិងផ្តល់នូវការជួយគាំទ្រដ៏ចាំបាច់ជាច្រើននៅពេលណាដែលមានតម្រូវការ។លោកអគ្គលេខាធិការបានបញ្ជាក់បន្ថែមថា “ខ្ញុំសូមគូសបញ្ជាក់ថាអង្គការទេស​ចរណ៍ពិភពលោកសូមកោតសរសើរដ៏ស្មោះចំពោះសេចក្តីក្លាហានរបស់កម្ពុជានិងការបង្ហាញ​យ៉ាងកក់ក្តៅនូវក្តីស្រឡាញ់ជាលក្ខណៈបងប្អូនជូនចំពោះអ្នកដំណើរជាងពីរពាន់នាក់ដែល​នៅតែលតោលលើសមុទ្រ”៕ដោយ៖សហការី

 

Leave a Reply

Your email address will not be published. Required fields are marked *