សាលាដំបូង​រាជ​ធានី​ភ្នំពេញ​បា​ន​សម្រេច​លើក​ពេល​ស​វនាការ​លោក កឹម សុខា

សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​សម្រេច​លើក​ពេល​សវនាការ​លោក កឹម សុខាដែល​គ្រោង​នឹង​ធ្វើ​នៅ​ថ្ងៃ​ពុធទី​២៥ ខែមីនាស្អែក​នេះ។ក្រុម​មេធាវី​របស់​លោក កឹម សុខា និង​មេធាវី​តំណាង​រដ្ឋាភិបាល បាន​ដាក់​លិខិត​មួយច្បាប់ កាល​ពី​ថ្ងៃ​ទី​២៣ ខែ​មីនា ទៅ​តុលាការដោយស្នើ​សុំ​លើក​ពេល​សវនាការ​ដែល​គម្រោង​ធ្វើ​នៅ​ថ្ងៃ​ពុធនិង​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​នេះ ខណៈ​មាន​ការ​ព្រួយ​បារម្ភ​អំពី​ការ​ឆ្លង​វីរុស​កូរ៉ូណានៅ​ពេល​មាន​ការ​ប្រជុំ​មនុស្ស​ច្រើន។បើ​តាម​ចំណារ​នៅ​លើ​លិខិត​ស្នើ​សុំ​ទៅលោក កូយ សៅ ប្រធាន​អង្គ​ជំនុំ​ជម្រះ បាន​សរសេរ​ថា៖ «ឯកភាពតាម​ពាក្យ​សុំ​ដោយ​ឲ្យ​ពន្យារ​ពេល​រហូត​ដល់​មាន​ការ​ជូន​ដំណឹង​អំពី​កាល​បរិច្ឆេទ​សវនាការជាថ្មី»។មេធាវី​មួយ​រូប​ដែលការពារ​ក្តី​ឲ្យ​លោក កឹម សុខា គឺ​លោកស្រី ​ម៉េង សុភារី​ បាន​បង្ហោះ​សារ​នៅ​លើ​ហ្វេសប៊ុក​របស់​លោកស្រី​ថាសវនាការ​លើ​សំណុំ​រឿង​របស់​លោក កឹម សុខា ត្រូវ​បាន​តុលាការ​លើក​ពេល​តាម​ពាក្យ​សុំ​របស់​មេធាវី​ទាំង​សង​ខាង រហូត​ដល់​មាន​ការ​ជូនដំណឹង​ថ្មី។សវនាការ​ជំនុំ​ជម្រះ​សំណុំ​រឿង​របស់​លោក កឹម សុខា ពី​បទ«សន្និដ្ឋិភាព​ជាមួយ​បរទេស» ឬបទ​ក្បត់​ជាតិ ត្រូវ​បាន​ចាប់​ផ្តើម​កាល​ពី​១៥ ខែ​មករា ឆ្នាំ​២០២០ និង​ប្រកាស​ថា​អាច​ប្រើ​ពេល​រហូត​ដល់​ទៅ៣​ខែ។ ជា​ធម្មតា​សវនាការ​នេះ ដំណើរ​ការ​នៅ​ថ្ងៃពុធ និង​ព្រហស្បតិ៍ រៀងរាល់​ពីរ​សប្តាហ៍​ម្តង។
លោក​ កឹម សុខា ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពី​បទ​រួម​គំនិត​ជាមួយ​បរទេសក្នុង​គម្រោង​មួយ​ដែល​រដ្ឋាភិបាល​ហៅ​ថា«ការ​ប៉ុនប៉ង​ផ្ដួល​រំលំ​រដ្ឋាភិបាល»​ ដោយ​មាន​សហរដ្ឋ​អាមេរិក​នៅ​ពី​ក្រោយ។ ​ទាំង​លោក​ កឹម សុខា ​និង​សហរដ្ឋ​អាមេរិក​បាន​បដិសេធ​ការ​ចោទ​ប្រកាន់​នេះ៕

Leave a Reply

Your email address will not be published. Required fields are marked *