សម្ដេចហ៊ុន សែន៖“បើអ្នកឯងខ្លាច​កុំដើរ​ចេញក្រៅបើអ្នកឯង​សង្ស័យកុំចាប់ដៃខ្ញុំ”

ថ្លែងក្នុងពិធីសំណេះសំណាលជាមួយគ្រូពេទ្យស្ម័គ្រចិត្តសម្ដេចហ៊ុនសែនប្រឆាំងនឹងជំងឺ​កូវីដ-១៩នា​ព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០សម្ដេចហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានបង្ហាញអំពី​ដំណាក់​កាលជាបន្ដបន្ទាប់ចំនួន៥ និងលើកឡើងពីការធ្លុះធ្លាយនៃការឆ្លងជំងឺកូវីដ-១៩ចូល​មក​កម្ពុជា ខណៈ​កម្ពុជា​បាត់​បង់នូវការប្រុងប្រយ័ត្ន! និងមិនបានធ្វើការត្រួតពិនិត្យឱ្យបានច្បាស់លាស់។
សម្ដេចហ៊ុន សែន បានលើកឡើងថា ក្នុងដំណាក់កាលទី១ នៃការចាប់ផ្ដើមធ្លុះធ្លាយការឆ្លងជំងឺកូវីដ-១៩ ដំបូងគឺមកពីជនជាតិ​ជប៉ុន​ម្នាក់​ដែលចេញមកពីប្រទេសជប៉ុនមកវៀតណាម ចេញពីវៀតណាម មកកាន់ខេត្ដសៀមរាប ចេញពីសៀមរាបទៅហ្វីលីពីន ចេញពីហ្វីលីពីនទៅថៃចេញពីថៃមកសៀមរាបវិញ ហើយ​ចេញពីសៀមរាប ទៅវៀតណាម។ សម្ដេចបានថ្លែងថា ក្នុងដំណាក់​​កាលទី២ គឺការធ្លុះ​ធ្លាយ​ដែល​កម្ពុជាបាត់ការប្រុងប្រយ័ត្ន!ពីបញ្ហាបណ្ដាលមកពីនាវាទេសចរណ៍​ដែលចេញមកពី​ក្រុង​ហូជីមិញ ប្រទេសវៀតណាម ចូលមកដល់រាជធានីភ្នំពេញនិងបានចេញដំណើរ​ដល់​ខេត្ដកំពង់ចាម។ សម្ដេចបានបញ្ជាក់ថា “នេះគឺជាការធ្លុះធ្លាយដ៏ធំដែល​កាលពី​មុននេះ ខាងភាគីវៀតណាម​ហាក់​ដូចជាសង្ស័យថាជំងឺកូវីដ-១៩ នេះចេញមកពី​កម្ពុជា។ ប៉ុន្ដែផ្ទុយទៅវិញជំងឺនេះចេញមកពីវៀតណាម ហើយជំងឺនេះបើតាមដឹងជន​ជាតិអង់​គ្លេសពីរនាក់គឺបានធ្វើដំណើរដល់​ទីក្រុងហាណូយនិងជិះយន្ដហោះមកពីហាណូយ ទៅ​ហូជីមិញ បន្ទាប់មកចុះជិះតាមនាវា ចូលមក​កម្ពុជា”។ ឥឡូវនេះ ក្រៅពីបីនាក់ដែលបាន​ឆ្លងជំងឺកូវីដ-១៩ និងម្នាក់បានជាសះស្បើយរួច​ហើយ នៅសល់ជនជាតិអង់គ្លេស ជនជាតិ​អាមេរិក​២នាក់។ សម្ដេចបានបន្ដថា ការធ្លុះធ្លាយទី៣ជនជាតិ​បារាំង​ដែលធ្វើដំណើរឆ្លង​កាត់​ប្រទេសសិង្ហបុរី ត្រូវបានរកឃើញប្ដី និងកូនអាយុ៤ខែមាន​វីរុស​កូវីដ-១៩ និង​បន្ដឆ្លងដល់ម្ដាយ​ទៀត។ បន្ទាប់មកជនជាតិកាណាដា ជានាយកសាលាអន្ដរជាតិកាណាដា និងជន​ជាតិ​បែលហ្ស៊ិក​ម្នាក់បានឆ្លងជំងឺកូវីដ-១៩នេះ។ ចំពោះការធ្លុះធ្លាយទី៤ បងប្អូនខ្មែរឥស្លាមដែល​ចេញទៅ​ធ្វើពិធីសាសនានៅប្រទេសម៉ាឡេស៊ីពេលត្រឡប់ចូលមកកម្ពុជាវិញ​បានឆ្លង២៣​នាក់ ក្នុងចំណោម៧៩នាក់ ក្នុងនោះក៏បានឆ្លងដល់ប្រពន្ធ១ករណីនៅខេត្ដបាត់ដំបងនិងបាន​ឆ្លងទៅដល់វិហារឥស្លាមមួយចំនួនទៀត។ ជាមួយគ្នានេះ ការធ្លុះធ្លាយទី៥ បណ្ដាលមកពីជន​ជាតិ​បារាំងឆ្លងកូវីដ-១៩ ចំនួន៣៤នាក់នៅខេត្ដព្រះសីហនុ ដែលជាការធ្លុះធ្លាយដ៏ធំនិង​ដាក់ជាកង្វល់ដល់កម្ពុជា។ សម្ដេចបានថ្លែងបន្ដថា សម្រាប់កង្វល់ដែលបានដាក់បន្ថែមដល់កម្ពុជាគឺពលរដ្ឋ​ខ្មែរចេញមកពីប្រទេសថៃ ត្រឡប់ចូលមកកម្ពុជាប្រមាណ១៥,០០០នាក់ បញ្ហានេះ គឺជា​សភាព​ការណ៍ថ្មី សម្រាប់ប្រទេសរបស់យើង ដែលចាំបាច់នៅពេលនេះ ត្រូវប្រមូលផ្ដុំការខិត​ខំទាំងអស់ ឱ្យចុះមូលដ្ឋានធ្វើសកម្មភាព ដោយប្រែក្លាយការភ័យក្លាចរបស់យើង ប្រែក្លាយ​ការសង្ស័យគ្នាទៅវិញទៅមក ឱ្យទៅជាចលនាការពារខ្លួនទៅវិញ។ សម្ដេចបានថ្លែងបញ្ជាក់ថា “បើអ្នកឯងខ្លាច កុំដើរចេញក្រៅបើអ្នកឯងសង្ស័យកុំចាប់ដៃខ្ញុំ”។ សម្ដេចបានឱ្យដឹងដែរថា ក្នុងដំណាក់កាលការពារការឆ្លងពី​ខាងក្រៅ វាបានផុតហើយ។ ប៉ុន្ដែមិនមែនបានសេចក្ដីថា យើងឈប់ការពារនោះទេ។ សម្ដេចបានបន្ថែមថា ឥឡូវនេះ យើងកំពុងឈរជើងនៅក្នុងដំណាក់​កាលទី២​ហើយ ដែលដំណាក់កាលនេះ មានការងារ៣ គឺដំណាក់កាលការពារពីខាងក្រៅផង ដំណាក់​កាលការពារកុំឱ្យឆ្លងពីអ្នកដែលមានជំងឺឆ្លងទៅអ្នកផ្សេង និងដំណាក់កាលព្យាបាល​មនុស្ស​ដែលឈឺឱ្យជាសះស្បើយ។ សម្ដេចបានអះអាងថាតាមពិតអ្នកជំងឺកូវីដ-១៩នៅ​កម្ពុជា​ទាំងអស់ អត់មានអ្នកជំងឺដែល​ឆ្លងនៅ​នឹងកន្លែងនោះទេគឺជាជំងឺនាំចូលទាំងអស់ កើតលើ​ពី​រដ្ឋកម្ពុជាក៏ពលរដ្ឋកម្ពុជាទៅ​ចម្លងពីខាងក្រៅយកមកចូលកម្ពុជាដែរ។ សម្ដេចបានបញ្ជាក់បន្ថែមថា “អត់មានកម្ពុជាទៅចម្លងឱ្យទៅនរណានោះទេក្នុង​នោះក៏មានសារព័ត៌មានរបស់ប្រទេសខ្លះបានចុះផ្សាយ និងចាត់ទុកថាកម្ពុជាគឺជាច្រកចេញ-ចូលនៃជំងឺឆ្លង។ប្រសិនបើធ្លាយគឺគេប្រៀបដូចជាជំនន់នៃទន្លេមេគង្គ ដែលជាភាសាមិនគប្បីហើយកម្ពុជា​ទទួលយកមិនបាន”៕

Leave a Reply

Your email address will not be published. Required fields are marked *