លោកហ៊ុន សែន បង្ហាញចេតនាចង់ស្នើព្រះមហាក្សត្រដាក់​ប្រទេសក្នុងភា​ពអាសន្នដោយ​សារតែកូវីដ-១៩

ព័ត៌មានវិទ្យបារាំងបានផ្សាយថាលោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ បាន​ប្រកាស​ឱ្យ​ដឹង​ថា លោក​កំពុង​ពិចារណា​ពី​ការ​ស្នើ​ទៅ​កាន់​ព្រះ​មហាក្សត្រ​ដាក់​ប្រទេស​កម្ពុជា​ក្នុង​ភាព​អាសន្ន ដោយ​សារ​តែ​រីក​រាល​ដាល​នៃ​ជំងឺ​កូវីដ-១៩។ ជំងឺ​កូវីដ-១៩ ដែល​ដល់​ពេល​នេះ បាន​ឆ្លង​លើ​មនុស្ស​ចំនួន​៩៣​នាក់​ហើយ នៅ​ក្នុង​ប្រទេស​កម្ពុជា​។ បើទោះ​ប្រកាស​ឱ្យ​ដឹង​បែប​នេះ​ក្តី ប៉ុន្តែ​លោក​នាយក​រដ្ឋ​មន្រ្តី​មិន​បាន​បញ្ជាក់​ឱ្យ​ដឹង​ទេ​ថា នឹង​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន​នេះ​នៅ​ពេល​ណា​នោះ ព្រោះ​ត្រូវ​ការ​សិក្សា​ពី​លទ្ធ​ភាព​ផ្លូវ​ច្បាប់​ជា​មុន​សិន​។គឺនៅក្នុងជំនួបជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តដែលចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩នៅព្រឹកថ្ងៃពុធនេះ លោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានគូសបញ្ជាក់ថា នៅពេលនេះ ក្រុមអ្នកច្បាប់របស់រដ្ឋាភិបាលកម្ពុជាកំពុងសិក្សាពីលទ្ធភាពផ្លូវច្បាប់ក្នុងការដាក់ប្រទេសកម្ពុជាស្ថិតក្នុងភាពអាសន្ន ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩។ បើតាមលោកនាយករដ្ឋមន្រ្តី នៅពេលដែលបានសិក្សាពីលទ្ធភាពផ្លូវច្បាប់រួចហើយ លោកនឹងស្នើទៅកាន់ព្រះមហាក្សត្រដាក់ប្រទេសក្នុងភាពអាសន្នតាមមាត្រា២២នៃរដ្ឋធម្មនុញ្ញ។ មាត្រា២២នៃរដ្ឋធម្មនុញ្ញបានចែងថា នៅពេលប្រជាជាតិប្រឈមមុខនឹងគ្រោះថ្នាក់ ព្រះមហាក្សត្រទ្រង់ប្រកាសប្រទានដំណឹងជាសា​ធារណៈដាក់ប្រទេសស្ថិតនៅក្នុងភាពអាសន្ន ក្រោយពីបានមតិឯកភាពពីនាយករដ្ឋមន្រ្តី ប្រធានរដ្ឋសភា​ និង ប្រធានព្រឹទ្ធសភាកម្ពុជា។
ប៉ុន្តែ​លោកហ៊ុន សែន បានអះអាងថា មាត្រានេះចែងមិនទាន់ច្បាស់លាស់ពីវិសាលភាព ក៏ដូចជារយៈពេលដែលត្រូវដាក់ប្រទេសនៅក្នុងភាពអាសន្នដែលតម្រូវឱ្យមានច្បាប់ដាច់ដោយឡែកមួយទៀត ដើម្បីយកទៅអនុវត្ត។ តែទោះយ៉ាងណា លោកសង្កត់ធ្ងន់ថា នៅពេលប្រទេសដាក់ក្នុងភាពអាសន្ន គឺនឹងប៉ះពាល់សិទ្ធិស៊ីវិលហើយ ដូចជា ការប្រើអំណាចដើម្បីហាមឃាត់ការប្រមូលផ្តុំ ហាមមិនឱ្យមានការជួបជុំ និងហាមមិនឱ្យប្រជា​ពលរដ្ឋចេញពីផ្ទះជាដើម។ ជាមួយគ្នានេះ លោកហ៊ុន សែន ក៏បានគូសបញ្ជាក់ថា ការពិចារណាដាក់​ប្រទេសក្នុងភាពអាសន្ននេះ មិនមែនជាយកលេស ដើម្បីបង្ក្រាបលើក្រុមណាមួយនោះទេ ប៉ុន្តែនេះជាការគិតគូរដល់អាយុជីវិតរបស់ប្រជាពលរដ្ឋកម្ពុជា។
ត្រង់ចំណុចនេះ លោកហ៊ុន សែន ក៏បានបញ្ជាក់ឱ្យដឹងថា លោកមិនចង់ដាក់ប្រទេសក្នុងភាពអាសន្ននោះទេ ។ប៉ុន្តែបើសិនការអំពាវនាវទាំងអម្បាម៉ានរបស់លោកពាក់ព័ន្ធនឹងការទប់ស្កាត់ជំងឺកូវីដ-១៩មិនមានប្រសិទ្ធភាព នោះការដាក់ប្រទេសក្នុងភាពអាសន្ននឹងត្រូវធ្វើឡើង។ មុនការបង្ហើបឱ្យដឹងពីបញ្ហានេះ លោកប្រមុខរដ្ឋាភិបាលកម្ពុជាបានប្រតិកម្មខ្លាំងៗពាក់ព័ន្ធការឡើងថ្លៃម៉ាសនៅកម្ពុជា។ ដោយសម្តីខ្លាំងៗ និងម៉ឺងម៉ាត់ លោកហ៊ុនសែនប្រកាសថាកំពុងសិក្សាផ្លូវច្បាប់ដើម្បីឈានទៅរឹបអូសយកម៉ាសចេញពីឱសថស្ថានណាដែលលក់ម៉ាសក្នុងតម្លៃថ្លៃ។មិនតែប៉ុណ្ណោះ លោកហ៊ុន សែន ថែមទាំងបានព្រមានធ្ងន់ៗទៀតថា បន្ទាប់ពីរឹបអូសយកម៉ាសរួច នឹងបិទឱសថស្ថាននោះមិនឱ្យ​បើក​រកស៊ីអស់មួយជីវិតតែម្តង ដើម្បីឱ្យរាងចាល។ ចំណាត់ការនេះ គឺដោយសារឱសថស្ថានខ្លះនិយាយមិនស្តាប់គ្នាដោយឆ្លៀតយកចំណេញក្នុងស្ថានភាពនៃការវាយលុកដោយជំងឺកូវីដ-១៩។ នេះបើតាមលោកនាយករដ្ឋមន្រ្តី៕ដោយ៖សហការី

Leave a Reply

Your email address will not be published. Required fields are marked *