ពលករ​ខ្មែរ​ដែល​កំពុង​ស្នាក់​នៅ​ប្រទេស​ថៃ​កុំ​ឱ្យ​មាន​ការ​ព្រួយ​​បារម្ភ​ពី​ការ​ស្នាក់​​នៅ​ព្រោះ​ថៃ​​អនុញ្ញាត​​ឱ្យ​ស្នាក់​លើស​​ពេល​កំណត់​បាន

ថៃ​បាន​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន​ដោយ​សារ​តែ​ការ​វាយ​លុក​របស់​ជំងឺ​កូវីដ-១៩នៅ​ថ្ងៃទី២៦ខែមីនា​នេះ។ការ​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន​នេះថៃ​មិន​អនុញ្ញាត​ឱ្យ​មាន​ការ​ឆ្លង​កាត់​ព្រំដែន​កម្ពុជា-ថៃ​ឡើយ​ដែល​ធ្វើ​ឱ្យ​ពលករ​ខ្មែរ​មួយ​ចំនួន​ជាប់​នៅ​ថៃ​។ ប្រឈម​នឹង​បញ្ហា​នេះស្ថាន​ទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​ថៃ​បាន​ជូន​ដំណឹង​ដល់​ពលករ​ខ្មែរ​ដែល​កំពុង​ស្នាក់​នៅ​ប្រទេស​ថៃ​កុំ​ឱ្យ​មាន​ការ​ព្រួយ​បារម្ភ​ពី​ការ​ស្នាក់​នៅ​ព្រោះ​ថៃ​អនុញ្ញាត​ឱ្យ​ស្នាក់​លើស​ពេល​កំណត់​បាន​។តាមរយៈសេចក្តីជូនដំណឹងមួយនៅថ្ងៃព្រហស្បតិ៍នេះស្ថានទូតទូតកម្ពុជាប្រចាំនៅប្រទេសថៃ បានប្រកាសប្រាប់ដល់ពលករខ្មែរដែលទិដ្ឋាការស្នាក់នៅនិងប័ណ្ណអនុញ្ញាតការងារអស់សុពលភាពថា ក្រសួងការងារថៃនឹងបន្តឱ្យស្នាក់នៅជាបណ្តោះអាសន្នដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ ពោល គឺលើកលែងការផាកពិន័យលើការស្នាក់នៅលើសកំណត់។ ជាមួយគ្នានេះ ស្ថានទូតកម្ពុជាក៏បានបញ្ជាក់ឱ្យដឹងផងដែរថាក្នុងករណីពលករខ្មែរត្រូវការធ្វើការងារបន្ត ត្រូវឱ្យនិយោជកបញ្ជូនបញ្ជីឈ្មោះ ទៅក្រសួង ឬមន្ទីរការងារក្រុង/ខេត្ត តាមរយៈប្រព័ន្ធអនឡាញឲ្យបានរួចរាល់ ត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ ដើម្បីបន្តធ្វើការជាបណ្តោះអាសន្នបានរហូ​តដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០។
សូមជម្រាបជូនថារដ្ឋាភិបាលថៃបានប្រកាសដាក់ប្រទេសក្នុងភាពអាសន្នចាប់ពីថ្ងៃទី២៦ខែ​មីនារហូតដល់ថ្ងៃទី៣០ ខែមេសាឆ្នាំ២០២០ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩នៅក្នុងប្រទេសថៃ។ការដាក់ប្រទេសក្នុងភាពអាសន្ននេះ គឺអាជ្ញាធរថៃមិនអនុញ្ញាតឱ្យមានការចេញចូលឆ្លងកាត់ព្រំដែនរវាងកម្ពុជា និងថៃឡើយ។ ហេតុដូច្នេះហើយ ទាំងពលករខ្មែរនិងជនជាតិខ្មែរដែលទៅទេសចរណ៍នៅប្រទេសថៃពុំអាចចាកចេញមកកម្ពុជាបានទេ។ ចំពោះអ្នកទេសចរខ្មែរ ស្ថានទូតកម្ពុជាប្រចាំនៅប្រទេសថៃក៏បានមានចំណាត់ការជួយដល់ពួកគេផងដែរ។
តាមរយៈសេចក្តីជូនដំណឹងដាច់ដោយឡែកមួយទៀត ស្ថានទូតកម្ពុជាបានប្រកាសថា ប្រជាពលរដ្ឋខ្មែរដែលចូលទៅប្រទេសថៃជាប្រភេទទេសចរណ៍អាចស្នើសុំបន្តការស្នាក់នៅនៅប្រទេសថៃបានរយៈពេល៣០ថ្ងៃ។បើតាមស្ថានទូតកម្ពុជាប្រចាំនៅប្រទេសថៃប្រជាពលរដ្ឋខ្មែរដែលមានបំណងបន្តការស្នាក់នៅនៅថៃត្រូវស្នើសុំលិខិតបញ្ជាក់ពីស្ថានទូតកម្ពុជានៅទីក្រុងបាងកកឬស្ថានអគ្គកុងស៊ុលនៅខេត្តសាកែវបាន។ បើតាមការបញ្ជាក់ឱ្យដឹងរបស់សម្តេចឧបនាយករដ្ឋមន្រ្តីស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃកម្ពុជាបានឲ្យដឹងថាមុនថៃប្រកាសដាក់ប្រទេសក្នុងភាពអាសន្ននេះពលករខ្មែរនៅថៃជាច្រើនពាន់នាក់បានសម្រុកចូលមកប្រទេសកម្ពុជាវិញ។គិតមកដល់ថ្ងៃទី២៦ខែមីនានេះពលករខ្មែរចំនួនជាង៤ម៉ឺននាក់ហើយបានចូលមកដល់ប្រទេសកម្ពុជា៕ដោយ៖សហការី

Leave a Reply

Your email address will not be published. Required fields are marked *