ចំនួន​អ្នកស្លាប់​ពីCovi​d-19នៅឥណ្ឌា​អាចខ្ពស់ជាង​១០ដង

ក្រុមអ្នកស្រាវជ្រាវអាមេរិកប៉ាន់ស្មានថាចំនួនអ្នកស្លាប់ដោយសារCovid-19 ក្នុងប្រទេសឥណ្ឌាអាចខ្ពស់ជាងចំនួនដែលបានប្រកាសជាផ្លូវការ។យោងតាមលទ្ធផលស្រាវជ្រាវដែលចេញផ្សាយដោយមជ្ឈមណ្ឌលអភិវឌ្ឍន៍សកលនៅថ្ងៃទី១៩ខែកក្កដានេះចំនួនអ្នកស្លាប់ដោយសារCovid-19 នៅឥណ្ឌាមានចំនួន១០ដងខ្ពស់ជាងតួលេខដែលប្រកាសជាផ្លូវការដោយអាជ្ញាធររបស់ប្រទេសនេះ។ ប្រសិនបើលទ្ធផលនេះត្រឹមត្រូវរោគរាតត្បាតCovid-19 អាចជាគ្រោះមហន្តរាយដែលសម្លាប់មនុស្សច្រើនបំផុតនៅក្នុងប្រទេសដែលមានប្រជាជនចំនួន១,៣ ពាន់លាននាក់ចាប់តាំងពីទទួលបានឯករាជ្យ។ការសិក្សារបស់មជ្ឈមណ្ឌលអភិវឌ្ឍន៍សកលវិភាគទិន្នន័យពីការចាប់ផ្តើមរាតត្បាតកាលពីឆ្នាំមុនរហូតដល់ខែមិថុនាឆ្នាំនេះ។ការសិក្សាស្រាវជ្រាវបានបង្ហាញថាចំនួនអ្នកស្លាប់ដោយសារ Covid-19 នៅក្នុងប្រទេសឥណ្ឌាគឺស្ថិតនៅក្នុងចន្លោះពី៣,៤ទៅ៤,៧លាននាក់។ចំនួនអ្នកស្លាប់ពី Covid-19 ក្នុងប្រទេសឥណ្ឌាយោងតាមតួលេខផ្លូវការមានត្រឹមតែជាង៤១៤.០០០ នាក់ដែលជាចំនួនខ្ពស់បំផុតទី៣នៅលើពិភពលោកបន្ទាប់ពីសហរដ្ឋអាមេរិក(៦០៩,០០០)និងប្រេស៊ីល (៥៤២,០០០)។ការសិក្សាបញ្ជាក់ថា“ចំនួនអ្នកស្លាប់ពិតប្រាកដអាចឡើងដល់រាប់លាននាក់មិនមែនត្រឹមតែប៉ុន្មានរយពាន់នាក់ទេដែលធ្វើឱ្យបញ្ហានេះអាចជាសោកនាដកម្មអាក្រក់បំផុត”។ក្រុមអ្នកជំនាញបានសង្ស័យពីចំនួននៃការឆ្លងនិងស្លាប់របស់ប្រជាជនដោយCovid-19របស់ឥណ្ឌាអស់រយៈពេលជាច្រើនខែដោយនិយាយថាប្រព័ន្ធសុខាភិបាលផ្ទុកលើសចំនួនបាននាំឱ្យមានភាពខុសគ្នាបែបនេះ។ រដ្ឋឥណ្ឌាជាច្រើនបានធ្វើវិសោធនកម្មតួលេខCovid-19 ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះដោយបន្ថែមការស្លាប់រាប់ពាន់នាក់។រលកទី២នៃ Covid-`19នៅឥណ្ឌាដែលបានកើតឡើងក្នុងខែមីនាគឺជាការបំផ្លិចបំផ្លាញបំផុតនៃការផ្ទុះឡើង។ មនុស្សស្លាប់ត្រូវបានរាយប៉ាយនៅតាមដងផ្លូវនិងនៅខាងក្រៅទ្វារមន្ទីរពេទ្យ។ មន្ទីរពេទ្យមានចំនួនច្រើនលើសលប់ហើយបដិសេធមិនទទួលយកអ្នកជំងឺខណៈគ្រែមន្ទីរពេទ្យនិងអុកស៊ីសែនត្រូវបានអស់៕យោងតាមGuardian

Leave a Reply

Your email address will not be published. Required fields are marked *