នាយករដ្ឋមន្រ្តី​បញ្ជាក់ជាថ្មីមិន​យកអធិបតេយ្យជា​តិទៅដូរនឹងEBA

លោកហ៊ុនសែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានរំលឹកសារជាថ្មីអំពីអ្វីដែលបានលើកឡើងកន្លងមកនោះ គឺកម្ពុជា មិនយកអធិបតេយ្យភាពខ្លួនទៅដូរយកជំនួយ ឬភាពអនុគ្រោះអ្វីនោះទេ។ ការបញ្ជាក់របស់លោក ហ៊ុន សែន ដូច្នេះ គឺធ្វើឡើងបន្ទាប់ពីមានជំនួបមួយរវាងលោក និងលោក Josep Borrell Fontelles តំណាងជាន់ខ្ពស់នៃសហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេស និងសន្តិសុខគោលនយោបាយ និងជាអនុប្រធានគណៈកម្មការអឺរ៉ុប កាលពីថ្ងៃទី០៤ ខែសីហាម្សិលមិញនៅទីក្រុងភ្នំពេញ។ក្រៅពីលើកឡើងពីបញ្ហាកិច្ចសហប្រតិបត្តិការរបស់សហភាពអឺរ៉ុបនៅកម្ពុជា កិច្ចប្រជុំកំពូលរំលឹកខួបអាស៊ាន-អឺរ៉ុប បញ្ហាសង្គ្រាមរស្ស៊ី-អ៊ុយក្រែន បញ្ហាភូមា បញ្ហាភាពអនុគ្រោះពន្ធគ្រប់មុខទំនិញលើកលែងតែសព្វាវុធ(EBA) ក៏ត្រូវបានលើកឡើងជាពិសេសដែរ ដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅតែបញ្ជាក់ថាលោកមិនយកអធិបតេយ្យភាពជាតិទៅដូរយកជំនួយ និងភាពអនុគ្រោះអ្វីនោះទេ។ការបញ្ជាក់របស់លោក ហ៊ុន សែន ដូច្នេះគឺធ្វើឡើងនៅក្នុងជំនួបដាច់ដោយឡែក ជាមួយលោក Josep Borrell Fontelles តំណាងជាន់ខ្ពស់នៃសហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេស និងសន្តិសុខគោលនយោបាយ និងជាអនុប្រធានគណៈកម្មការអឺរ៉ុប ខណៈដែលលោក បានចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំអាស៊ាន-អឺរ៉ុប នៅប្រទេសកម្ពុជាចាប់ពីថ្ងៃទី៣ដល់ថ្ងៃទី៦ ខែសីហានេះ។លោក Josep Borrell Fontelles មិនបានបញ្ចេញព័ត៌មានលម្អិតផ្សេងទៀតជុំវិញជំនួបជាមួយលោកនាយករដ្ឋមន្ត្រីទេ។ក៏ប៉ុន្តែកាលពីដើមសប្តាហ៍នេះ អនុប្រធានគណៈកម្មការអឺរ៉ុបរូបនេះ បានផ្តល់បទសម្ភាសន៍ឲ្យភ្នំពេញប៉ុស្តិ៍ថា អឺរ៉ុប​មាន​រចនាសម្ព័ន្ធ​ការសន្ទនា​ទ្វេភាគី​រួមទាំង​ទំនាក់​ទំនង​នយោបាយ សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​​ដោយច្បាស់លាស់ និងជាសាធារណៈ។ លោកថា អឺរ៉ុបនឹង​អាច​ដោះស្រាយ​បញ្ហា​ EBA នេះ​រួមគ្នា ក្នុង​ក្របខ័ណ្ឌ​នៃ​ទំនាក់ទំនង​គ្នា និង​បន្ត​គាំទ្រ​រាល់​កិច្ចខិតខំ​ប្រឹងប្រែង​របស់​កម្ពុជា​ឆ្ពោះ​ទៅរក​ការកសាង​សង្គម​ប្រជាធិបតេយ្យ​ប្រកប​ដោយ​​បរិយាប័ន្ន​។សូមរំលឹកថា គណៈកម្មការអឺរ៉ុបកាលពីខែសីហា ឆ្នាំ២០២០ បានសម្រេចព្យួរជាបណ្តោះអាសន្នភាពអនុគ្រោះពន្ធ EBA ២០% នៃទំនិញនាំចូលពីកម្ពុជាទៅកាន់ទីផ្សារអឺរ៉ុប ដែលការព្យួរផ្នែកខ្លះនៃEBAនេះ បានប៉ះពាល់ដល់មុខទំនិញកម្ពុជាចំនួន៤០មុខ មានតម្លៃប្រមាណ១ពាន់លានដុល្លារ។គណៈកម្មការអឺរ៉ុបក៏បានបញ្ជាក់ថា កម្ពុជាគួរតែចាត់វិធានការ ដើម្បីស្តារសេរីភាពនយោបាយ ហើយបង្កើតលក្ខខណ្ឌចាំបាច់ឡើងវិញសម្រាប់គណបក្សប្រឆាំងដែលអាចជឿទុកចិត្តបាន និងផ្តួចផ្តើមដំណើរការផ្សះផ្សារជាតិតាមរយៈការសន្ទនាដ៏ពិតប្រាកដមួយ។ គណៈកម្មការអឺរ៉ុបក៏បានបញ្ជាក់ច្បាស់ៗថា ប្រសិនបើរដ្ឋាភិបាលកម្ពុជាបង្ហាញពីវឌ្ឍនភាពគួរឱ្យកត់សម្គាល់នៃការគោរពសិទ្ធិមនុស្ស នោះគណៈកម្មការអឺរ៉ុបអាចនឹងពិនិត្យសេចក្តីសម្រេចរបស់ខ្លួន ហើយឈានទៅផ្តល់ការលើកលែងពន្ធក្រោមប្រព័ន្ធអនុគ្រោះពន្ធEBA ដល់កម្ពុជាឡើងវិញ។សូមបញ្ជាក់ដែរថា កាលពីខែឧសភា ឆ្នាំ២០២២នេះដែរ សមាជិក​​សភា​​អឺរ៉ុបមួយចំនួន បាន​​ស្នើ​ទៅ​កាន់​​ប្រទេសជា​​សមាជិក​​អឺរ៉ុប​​ទាំង២៧ ឲ្យ​ត្រៀមខ្លួន​​​ដក​​ប្រព័ន្ធ​អនុគ្រោះពន្ធ EBA​ទាំង​ស្រុងពីកម្ពុជា ​​ប្រសិន​បើ​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ កាលពីថ្ងៃទី៥ ខែមិថុនា កន្លងទៅ និង​ការ​បោះឆ្នោត​សកល​ឆ្នាំ២០២៣ ត្រូវ​​គេ​រកឃើញថាមិនមាន​ភាព​សេរី ត្រឹម​ត្រូវ និង​យុត្តិធ៌ម៕RFI

រូបភាព៖fashionpress24

Leave a Reply

Your email address will not be published. Required fields are marked *