រមណីដ្ឋានប្រសាទអង្គរវត្តដ៏ល្បីល្បាញរបស់កម្ពុជាបានទាក់ទាញភ្ញៀវទេសចរបរទេសចំនួន ៨៣,៨៥៤នាក់ ក្នុងរយៈពេល៧ខែដំបូង នៃឆ្នាំ២០២២ កើនឡើង១៣.៥ ដង បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍។សេចក្តីប្រកាសព័ត៌មានរបស់សហគ្រាសអង្គរដែលគ្រប់គ្រងដោយរដ្ឋបានឱ្យដឹងថា រមណីយដ្ឋានបុរាណនេះរកចំណូលបាន៣.៣៧លានដុល្លារ ពីការលក់សំបុត្រក្នុងអំឡុងខែមករាដល់ខែកក្កដាឆ្នាំនេះ កើនឡើង១៣ ដង ធៀបនឹងឆ្នាំមុន។នៅក្នុងអំឡុងខែកក្កដា ប្រាសាទអង្គរវត្ត បានស្វាគមន៍ភ្ញៀវបរទេសចំនួន ២៣,៨៧១នាក់ កើនឡើង ៥២ ដង ធៀបនឹងខែដូចគ្នាកាលពីឆ្នាំមុន។ស្ថិតនៅភាគពាយព្យនៃខេត្តសៀមរាប រមណីដ្ឋានអង្គរទំហំ៤០១ គីឡូម៉ែត្រការ៉េ ដែលចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (យូណេស្កូ) ក្នុងឆ្នាំ១៩៩២ គឺជាគោលដៅទេសចរណ៍ពេញនិយមបំផុតនៅប្រទេសអាស៊ីអាគ្នេយ៍។រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន បានមានប្រសាសន៍កាលពីថ្ងៃចន្ទថា ជនបរទេសដែលចូលមករស់នៅ និងធ្វើការក្នុងប្រទេសកម្ពុជារយៈពេលពីរឆ្នាំ ឬយូរជាងនេះ នឹងត្រូវបានអនុញ្ញាតឱ្យចូលទស្សនាប្រាសាទអង្គរដោយមិនគិតថ្លៃ ដោយលោកថាគោលការណ៍នេះ គឺដើម្បីជំរុញភ្ញៀវទេសចរឱ្យមកកម្សាន្តកាន់តែច្រើន។លោកមានប្រសាសន៍ថា ភ្ញៀវទេសចរបរទេសដែលទិញសំបុត្រចូលទស្សនាក្នុងមួយថ្ងៃអាចចូលទស្សនាអង្គរបានរយៈពេលពីរថ្ងៃ ខណៈសំបុត្រចូលទស្សនារយៈពេលបីថ្ងៃនឹងត្រូវឡើងដល់រយៈពេលប្រាំថ្ងៃ និងសំបុត្រចូលទស្សនារយៈពេលពីប្រាំពីរថ្ងៃដល់១០ថ្ងៃ។តម្លៃចូលទស្សនាសម្រាប់រយៈពេលមួយថ្ងៃគឺ ៣៧ ដុល្លារ ការចូលទស្សនាបីថ្ងៃមានតម្លៃ ៦២ ដុល្លារ និងការចូលទស្សនារយៈពេលមួយសប្ដាហ៍មានតម្លៃ ៧២ ដុល្លារ។លោក ឡុង កុសល អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា ប្រាសាទអង្គរវត្តត្រូវបានព្យាករណ៍ថានឹងទាក់ទាញភ្ញៀវទេសចរកាន់តែច្រើនក្នុងរយៈពេលប៉ុន្មានខែ និងឆ្នាំខាងមុខ ដោយសារជំងឺរាតត្បាតកូវីដ-១៩ បានថយចុះ។លោកបានប្រាប់ Xinhua ថា “ដោយសារប្រទេសរបស់យើងបានបើកព្រំដែនឡើងវិញសម្រាប់អ្នកដំណើរទាំងអស់ដោយមិនតម្រូវឱ្យធ្វើចត្តាឡីស័ក ខ្ញុំជឿជាក់ថាភ្ញៀវទេសចរអន្តរជាតិកាន់តែច្រើននឹងចំណាយពេលវិស្សមកាលរបស់ពួកគេនៅប្រាសាទអង្គរវត្តនាពេលខាងមុខ” ។ក្នុងអំឡុងពេលមុនជំងឺរាតត្បាត ប្រាសាទអង្គរទទួលបានភ្ញៀវអន្តរជាតិដល់ទៅ ២,២ លាននាក់ក្នុងឆ្នាំ២០១៩ ដែលរកចំណូលបាន ៩៩ លានដុល្លារ ពីការលក់សំបុត្រ នេះបើយោងតាមសហគ្រាសអង្គរ៕ Xinhua/Khmer Times
រូបភាពAFP