បន្ទាប់ពី​បរិហារផ្ទួនៗ​លោ​កសម រង្ស៊ីងាកម​កជូនពរខួបកំណើត​លោកហ៊ុ​ន សែន

លោក សម រង្ស៊ីដែលជាប្រធានស្តីទីអតីតគណបក្សសង្គ្រោះជាតិបានធ្វើឲ្យមានការភ្ញាក់ផ្អើលមួយនៅថ្ងៃសុក្រនេះ ដោយលោកបានសរសេរសារជូនពរលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងឱកាសខួបកំណើតលោក ហ៊ុន សែន គម្រប់អាយុ៧០ ឈានចូល៧១ឆ្នាំ។ ការជូនពរខួបកំណើតលោក ហ៊ុន សែន ពីសំណាក់លោក សម រង្ស៊ី ពេលនេះ បានធ្វើឡើងបន្ទាប់ពីលោក សម រង្ស៊ី បានបរិហារផ្ទួនៗលើលោក ហ៊ុន ម៉ាណែត ពាក់ព័ន្ធនឹងសញ្ញាបត្រសាលា West Point និងសមត្ថភាពដឹកនាំប្រទេសរបស់លោក ហ៊ុន ម៉ាណែត។ អ្នកវិភាគថាអាចជាសញ្ញាវិជ្ជមានមួយ តែបក្សកាន់អំណាចថាពិបាកទុកចិត្ត។ ផ្តើមចេញពីពាក្យថា«Happy birthday to Hun Sen» អមដោយរូបថតសែលហ្វី២នាក់(សម រង្ស៊ី-ហ៊ុន សែន) លោក សម រង្ស៊ី បានសរសេរនៅលើហ្វេសប៊ុកផ្លូវការរបស់លោក នូវសារជូនពរលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយថានៅក្នុងឱកាសខួបកំណើត ៧០ឆ្នាំរបស់សម្តេច ថ្ងៃនេះលោក សម រង្ស៊ី សូមជូនពរសម្តេច មានសុខភាពល្អ អាយុយ៉ឺនយូរ និងស្គាល់តែសុភមង្គលក្នុងគ្រួសារ រហូតដល់កូនចៅគ្រប់រូប។ឆ្លៀតនៅក្នុងសារជូនពរខួបកំណើតលោក ហ៊ុន សែន នេះដែរ លោក សម រង្ស៊ី ដែលជាប្រធានស្តីទីអតីតគណបក្សសង្គ្រោះជាតិបានរំលេចការស្នើសុំទៅលោក ហ៊ុន សែន នូវការស្នើសុំឲ្យជម្រុញបង្កើតច្បាប់មួយ ដើម្បីកំណត់អាយុមន្ត្រីរាជការ ក្នុងមុខងារសាធារណៈគ្រប់រូប ទាំងផ្នែកនយោបាយផងដែរ ឲ្យចូលនិវត្តន៍ ចាប់ពីអាយុ ៧០ឆ្នាំឡើងទៅ។ តាមលោក សម រង្ស៊ី គឺជាការផ្តល់តម្លៃ និងផ្តល់ឱកាសឲ្យយុវជនជំនាន់ក្រោយរាប់ម៉ឺនរាប់សែននាក់ បានឡើងមកកាន់តំណែងក្នុងកម្រិតការទទួលខុសត្រូវកាន់តែខ្ពស់ឡើងៗ ដោយមិនចាំបាច់រង់ចាំក្នុងពេលវេលាយូរហួសហេតុនោះទេ។ជាការកត់សម្គាល់ ការជូនពររបស់លោក សម រង្ស៊ី ដល់ខួបកំណើតរបស់លោក ហ៊ុន សែន ធ្វើឡើងក្រោយលោក សម រង្ស៊ី លើកយករឿងលោក ហ៊ុន ម៉ាណែត មកនិយាយលើហ្វេសប៊ុករបស់លោក ៣ដងតែក្នុងរយៈពេល១សប្តាហ៍ គឺនៅថ្ងៃទី០១ ទី០៣ និងទី០៤ ខែសីហានេះ ដោយផ្តោតទៅលើសញ្ញាបត្រលោក ហ៊ុន ម៉ាណែត ថាជាសញ្ញាបត្រកំរិត២ លោក ហ៊ុន ម៉ាណែត ធ្វើតាមតែឱពុក និងមិនមានសមត្ថភាពដឹកនាំប្រទេសជាដើម។លោក ឯម សុវណ្ណារ៉ា សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយ បានមើលឃើញថា តាមរយៈសារលោកសម រង្ស៊ី គឺជាសញ្ញាវិជ្ជមានមួយ​ដែលស្របតាមប្រពៃណី និងសីលធម៌ ហើយទំនងជាចង់ឈានទៅរកវប្បធម៌សន្ទនាឡើងវិញ។ ម្យ៉ាងទៀត សារលោក សម រង្ស៊ី អាចជាការដូរយុទ្ធសាស្ត្រនយោបាយរបស់មេបក្សប្រឆាំងរូបនេះក៏ថាបាន។ នេះបើតាមលោក ឯម សុវណ្ណារ៉ា។ក៏ប៉ុន្តែលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានបញ្ជាក់ថា លោក ក៏ដូចជាគណបក្សកាន់អំណាចដែរមិនអាចជឿទុកចិត្តលោក សម រង្ស៊ី បានឡើយ។ ចំណែកតម្រុយឆ្ពោះទៅរកវប្បធម៌សន្ទនាក៏គ្មានដែរ។នេះបើតាមលោក សុខ ឥសាន៕RFI

លោកសមរង្ស៊ីដែលជាប្រធានស្តីទីអតីតគណបក្សសង្គ្រោះជាតិ​និងលោកនាយករដ្ឋមន្ត្រីហ៊ុនសែន។រូបភាពផេកលោកសមរង្ស៊ី

Leave a Reply

Your email address will not be published. Required fields are marked *