មន្ត្រីចិនបានប្រកាសលុបចោលកិច្ចពិភាក្សាលើវិស័យការពារជាតិជាមួយអាមេរិកក៏ដូចជាការផ្អាកកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន។ក្រសួងការបរទេសចិនបានប្រកាសកាលពីថ្ងៃទី០៥ខែសីហាថាប្រទេសចិនបានលុបចោលការហៅទូរស័ព្ទរវាងមេដឹកនាំយោធាអាមេរិកនិងចិនក៏ដូចជាកិច្ចពិភាក្សាសន្តិសុខចំនួន២ដោយលើកឡើងពីប្រធានសភាអាមេរិកលោកស្រី Nancy Pelosi “មិនអើពើនឹងការជំទាស់ដ៏ខ្លាំងរបស់ចិន” អំពីដំណើរទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់នេះ។ទីភ្នាក់ងារនេះក៏បានប្រកាសថាប្រទេសចិនកំពុងផ្អាកកិច្ចសហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិកក្នុងការធ្វើមាតុភូមិនិវត្តន៍ជនចំណាកស្រុកខុសច្បាប់ជំនួយផ្នែកតុលាការ ការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែននិងការប្រយុទ្ធប្រឆាំងគ្រឿងញៀន។ ប្រទេសចិនក៏បាន “ផ្អាកការចរចាអំពីការប្រែប្រួលអាកាសធាតុ” ជាមួយសហរដ្ឋអាមេរិកផងដែរ។ក្រសួងការបរទេសចិននៅមុនថ្ងៃដដែលបានប្រកាសដាក់ទណ្ឌកម្មលើលោកស្រី Pelosi ។ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតអំពីទណ្ឌកម្មនោះទេ។ អ្នកសង្កេតការណ៍និយាយថា វិធានការទាំងនេះច្រើនតែជានិមិត្តរូបហើយមិនប៉ះពាល់ដល់លោកស្រី Pelosi ទេ។ប្រទេសចិនតែងតែចាត់ទុកកោះតៃវ៉ាន់ជាខេត្តមួយដែលកំពុងរង់ចាំការបង្រួបបង្រួមគ្នាឡើងវិញហើយបានប្រកាសត្រៀមខ្លួនជាស្រេចក្នុងការប្រើប្រាស់កម្លាំងប្រសិនបើចាំបាច់។យោធាចិនបានធ្វើសមយុទ្ធបាញ់គ្រាប់ពិតតំបន់ចំនួន៦នៅជុំវិញកោះតៃវ៉ាន់កាលពីថ្ងៃទី៤-៧ខែសីហាមួយថ្ងៃបន្ទាប់ពីប្រធានសភាអាមេរិក Pelosi បានបញ្ចប់ដំណើរទស្សនកិច្ចរបស់លោកស្រីទៅកាន់កោះនេះ។ទីតាំងសមយុទ្ធគឺនៅច្រកសមុទ្រតៃវ៉ាន់សមុទ្រចិនខាងកើតនិងមហាសមុទ្រប៉ាស៊ីហ្វិក។ តំបន់សមយុទ្ធមួយក្នុងចំណោមកន្លែងហ្វឹកហាត់ទាំង៦ស្ថិតនៅចម្ងាយតិចជាង២០គីឡូម៉ែត្រពីទីក្រុង Kaohsiung លើកោះភាគខាងត្បូងនៃកោះតៃវ៉ាន់។នៅថ្ងៃដំបូងនៃសមយុទ្ធយោធាចិនបានដាក់ពង្រាយយន្តហោះយោធាជាង១០០គ្រឿងនៅជុំវិញកោះតៃវ៉ាន់។ នាវាពិឃាតចិនចំនួន១០គ្រឿងត្រូវបានដាក់ពង្រាយដើម្បីការពារការចូលទៅកាន់តំបន់សមយុទ្ធ ក៏ដូចជាជួយសម្របសម្រួលការធ្វើតេស្ត។យោធាចិនបានបាញ់មីស៊ីលផ្លោង Dongfeng ជាច្រើនគ្រាប់នៅថ្ងៃដំបូងនៃសមយុទ្ធ។ ប្រទេសជប៉ុនបាននិយាយថា កាំជ្រួចរបស់ចិនចំនួន៥គ្រាប់បានធ្លាក់ចូលទៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ខ្លួន (EEZ) ដែលក្នុងនោះ៤គ្រាប់បានហោះពីលើកោះតៃវ៉ាន់។ក្រសួងការពារជាតិតៃវ៉ាន់បានប្រកាសថានាវាកងទ័ពជើងទឹកចិនប្រហែល១០គ្រឿងនិងយន្តហោះយោធាជាច្រើនគ្រឿងកាលពីថ្ងៃទី០៥ ខែសីហា បានឆ្លងកាត់ខ្សែបន្ទាត់មធ្យមនៅច្រកសមុទ្រតៃវ៉ាន់ក្នុងរយៈពេលដ៏ខ្លី។ បន្ទាត់មធ្យមនេះត្រូវបានយល់ដោយប្រយោលថាជាបន្ទាត់កំណត់ច្រកសមុទ្រតៃវ៉ាន់៕យោងតាមAFP
គ្រាប់រ៉ុក្កែតរបស់ចិនបានចាកចេញពីកន្លែងបាញ់បង្ហោះអំឡុងពេលធ្វើសមយុទ្ធនៅថ្ងៃទី0៤ខែសីហា។ រូបថត៖ PLA ។