ប្រមុខអ៊ុ​យក្រែនបានរិះគន់សហភាពអឺរ៉ុបថាធើ្វខុសចំពោះការកាត់បន្ថយជំនួយចំនួន៩ដង

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បាននិយាយថាសហភាពអឺរ៉ុបបានធ្វើឲ្យមាន “កំហុស” នៅពេលដែលវាផ្តល់ឱ្យគៀវ១ភាគ៩នៃចំនួនទឹកប្រាក់ដែលខ្លួនបានសន្យាកាលពីប៉ុន្មានខែមុន។លោកប្រធានាធិបតី Zelensky បាននិយាយកាលពីថ្ងៃទី០៤ខែសីហាថា “ជារៀងរាល់ថ្ងៃនិងតាមរបៀបផ្សេងៗគ្នា ខ្ញុំរំលឹកមេដឹកនាំសហភាពអឺរ៉ុបថាប្រាក់សោធននិវត្តន៍ជនភៀសខ្លួនគ្រូបង្រៀននិងអ្នកពឹងផ្អែកលើថវិកាក្នុងប្រទេសអ៊ុយក្រែនមិនគួរក្លាយជាចំណាប់ខ្មាំងចំពោះការសម្រេចចិត្តរបស់EU”។ប្រមុខរដ្ឋាភិបាលអ៊ុយក្រែនបានចោទប្រកាន់សហភាពអឺរ៉ុបថា “ដោយចេតនា” ដកប្រាក់ចំនួន៨ពាន់លានអឺរ៉ូ (៨.១៨ពាន់លានដុល្លារ) នៅក្នុងថវិកាដែលបានសន្យាថានឹងជួយដល់ទីក្រុងគៀវក្នុងបរិបទនៃសង្រ្គាមរុស្ស៊ី-អ៊ុយក្រែនឈានចូលដល់ខែទី៦។សហភាពអឺរ៉ុបកាលពីខែឧសភាបានសន្យាថានឹងផ្តល់ជំនួយដល់អ៊ុយក្រែនចំនួន៩ពាន់លានអឺរ៉ូក្នុងទម្រង់នៃការឧបត្ថម្ភធននិងប្រាក់កម្ចីដែលមានការប្រាក់ទាប។កាលពីដើមសប្តាហ៍នេះ អគ្គសេនាធិការរងអ៊ុយក្រែនប្រចាំប្រធានាធិបតី លោក Igor Zhovkva បាននិយាយថារហូតមកដល់ពេលនេះ អ៊ុយក្រែនបានទទួលជំនួយត្រឹមតែ១ពាន់លានអឺរ៉ូពី EU ហើយបានចោទប្រកាន់ “បណ្តាប្រទេស EU ជាច្រើន រួមទាំងប្រទេសអាល្លឺម៉ង់” ពីការរារាំងការផ្ទេរប្រាក់ចំនួន៨ពាន់លានអឺរ៉ូ។លោក Zelensky បាននិយាយថា ជំនួយរបស់សហភាពអឺរ៉ុបត្រឹមតែ១/៩ នៃចំនួនទឹកប្រាក់ដូចដែលបានសន្យានិងការផ្អាកការបែងចែកចំនួន៨ពាន់លានអឺរ៉ូបានបណ្តាលឱ្យ “ការពន្យារពេលក្នុងការផ្តល់ជំនួយម៉ាក្រូហិរញ្ញវត្ថុ” ដល់គៀវ។ប្រធានាធិបតី​អ៊ុយក្រែន​សង្ឃឹម​ថា​នេះ​គ្រាន់​តែ​ជា​ទង្វើ​«ខុស» ហើយ​នឹង​ត្រូវ​កែ​តម្រូវ។ដោយសារ​អរិភាព​ជាមួយ​រុស្ស៊ី​បន្ត​កាន់​តែ​ខ្លាំង​ឡើង​លើ​គ្រប់​មុខអ៊ុយក្រែន​កំពុង​ប្រឈម​នឹង​គម្លាត​ថវិកា​ដ៏​ធំ។ ក្រុងគៀវបានប៉ាន់ប្រមាណម្តងហើយម្តងទៀតថាខ្លួនត្រូវការថវិកាប្រហែល៥ពាន់លានដុល្លារក្នុងមួយខែដើម្បីគ្រប់គ្រងរដ្ឋាភិបាលចំពេលមានជម្លោះដែលកំពុងបន្តនិងសេដ្ឋកិច្ចជិតដួលរលំ។យោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg ចំណាត់ការរបស់សហភាពអឺរ៉ុបក្នុងការកាត់បន្ថយជំនួយកើតឡើងចំពេលដែលប្លុកនេះមានការព្រួយបារម្ភអំពីបញ្ហាសេដ្ឋកិច្ចដែលខ្លួនកំពុងប្រឈមក៏ដូចជាការជជែកដេញដោលគ្នាបានចាប់ផ្តើមកើតឡើងផ្ទៃក្នុងអំពីការគាំទ្រអ៊ុយក្រែន។ប្រភពមួយចំនួនដែលដឹងពីបញ្ហានេះបាននិយាយថាការកាត់បន្ថយជំនួយអាចមកពីការប៉ុនប៉ងរបស់អាល្លឺម៉ង់ក្នុងការបញ្ចុះបញ្ចូលសហភាពអឺរ៉ុបឱ្យផ្តល់ជំនួយតាមរយៈមូលនិធិរូបិយវត្ថុអន្តរជាតិជំនួសឱ្យការផ្តល់ប្រាក់កម្ចីដោយផ្ទាល់ទៅទីក្រុងគៀវ។មន្ត្រីអាល្លឺម៉ង់ម្នាក់បាននិយាយថាទីក្រុងប៊ែរឡាំងមិនចង់ទទួលបន្ទុកក្នុងការធានាប្រាក់កម្ចីរបស់អ៊ុយក្រែនទេ ហើយបានស្នើឱ្យសមាជិកផ្សេងទៀតចូលរួមបន្ថែមទៀត។សហភាពអឺរ៉ុបកំពុងដោះស្រាយជាមួយនឹងការកើនឡើងអត្រាអតិផរណា បន្ទាប់ពីការដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ី។ អាល្លឺម៉ង់មានការព្រួយបារម្ភអំពីសេណារីយ៉ូដែលរុស្ស៊ីអាចធ្វើឱ្យទីក្រុងម៉ូស្គូកាត់ផ្តាច់ការផ្គត់ផ្គង់ឧស្ម័នទៅអឺរ៉ុប។សេដ្ឋកិច្ចអាល្លឺម៉ង់អាចស្ថិតក្នុងវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរប្រសិនបើការផ្លាស់ប្តូរនេះកើតឡើង៕យោងតាមRT

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky។AFP

Leave a Reply

Your email address will not be published. Required fields are marked *