ឯកឧត្ត​មវេងសា​ខុនបានអញ្ជើញមកជួបសំណេះសំណាលនិ​ងសា​កសួរ​សុខទុក្ខបងប្អូនប្រជា​ពលរដ្ឋក្នុងវេទិ​ការសា​ធា​រណ:

នៅព្រឹកថ្ងៃសៅរ៍ ៩កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម វេង សាខុន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូល ដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ ស្រុកកំពង់សៀម និងស្រុកជើងព្រៃ ខេត្តកំពង់ចាម និងឯកឧត្តម លោកជំទាវ ព្រមទាំងសមាជិកក្រុមការងារចុះស្រុកជើងព្រៃ បានអញ្ជើញមកជួបសំណេះសំណាល និងសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋក្នុងវេទិការសាធារណ: ដែលបានរៀបចំក្នុងបរិវេណវត្តមុសិខារាមផ្តៅជុំ ឃុំផ្តៅជុំ។ ក្នុងពិធីក៏មានការអញ្ជើញចូលរួមពីឯកឧត្តមអភិបាលរងខេត្ត លោកប្រធានក្រុមបឹក្សាស្រុក អភិបាលស្រុក ប្រធាន-អនុប្រធានមន្ទីរជុំវិញខេត្ត កងកំលាំងទាំងបី និងបងប្អូនប្រជាពលរដ្ឋប្រមាណ ៦០០នាក់។ កម្មវិធីនេះមានគោលបំណងធ្វើការពិនិត្យ និងតាម ដានលើវឌ្ឍនភាពនៃការអភិវឌ្ឍគោលនយោបាយយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលនៅស្រុកជើងព្រៃជារួម និងឃុំផ្តៅជុំដោយឡែក បន្ទាប់ពីស្ថានភាពជារួមនៃវិបត្តិជំងឺឆ្លងកូវីដ-១៩ មានលក្ខណល្អប្រសើរឡើងវិញ។ លោក អូត ឈាងលី អភិបាលនៃគណ:អភិបាលស្រុក បានរាយការណ៍ជូនអង្គពិធីជ្រាបដោយ សង្ខេបអំពីសមិទ្ធផលដែលស្រុកជើងព្រៃសម្រេចបាន ជាពិសេសឃុំផ្តៅជុំក្នុងរយ:ពេលកន្លង មកទាំងវិស័យអាណាចក្រ និងពុទ្ធចក្រ រួមទាំងសកម្មភាពប្រយុទ្ធប្រឆាំងយ៉ាងសកម្មក្នុងការ ចូលរួមទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩ ក្រោមកិច្ចសហការជួយឧបត្ថម គាំទ្រអស់ពីចិត្ត ថ្លើម ក្នុង ស្មារតីទទួលខុសត្រូវខ្ពស់របស់ក្រុមការងារចុះឃុំ និងជាពិសេសឯកឧត្តមប្រធានក្រុមការងារដែលបានលះបង់គ្រប់បែបយ៉ាងក៏ព្រោះដើម្បីប្រជាជន ភាពសុខសាន្ត ជីវភាព សុភមង្គល សុខដុមរមនា សុខសន្តិភាព និងការអភិវឌ្ឍមូលដ្ឋាន។ល។ លោកអភិបាលស្រុកបានសង្ខេប ពីការចំណាយថវិការរយ:ពេល ៣ឆ្នាំកន្លងមក សម្រាប់ដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋសរុបចំនួន ៧៤៣ ៣៩៣ ០០០រៀល និង ២៤៨ ៧៦៥ដុល្លារ។ ក្រៅពីថវិកាក៏នៅមានគ្រឿងឧបភោគ បរិភោគ ម៉ាស់ ស្រោមដៃ អាល់កុល ដបបាញ់អាលកុល ថ្នាំបាញ់សម្លាប់មេរោគសម្លៀកបំពាក់ការពារជងឺ ម៉ាស៊ីនវាស់កំដៅ ពូជស្រូវ ប្រេងម៉ាស៊ុតបូមទឹកសង្គ្រោះស្រូវ។ល។ មានមតិសំណេះសំណាលជាមួយបងប្អូន ឯកឧត្តមបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី សម្តេចកិត្តិព្រឹទ្ធបណ្ឌិតមកជូនបង ប្អូនទាំងអស់ និងបានជូនពរឲ្យបងប្អូនប្រជាពលរដ្ឋជួបតែពុទ្ធិពរទាំង ៤ ប្រការ។ ក្នុងស្ថានភាពជំងឺឆ្លងកូវីដ-១៩ មានលក្ខណល្អប្រសើរសម្តេចតេជោ តាមរយ:ឯកឧត្តម បានណែនាំឲ្យប្រជា ពលរដ្ឋខិតខំស្តារសេដ្ឋកិច្ចគ្រួសារឡើងវិញ ជំរុញ និងលើកទឹកចិត្តកូនចៅឲ្យទៅសាលា ពិសេសជំរុញការងារបង្កបង្កើនផលដើម្បីធានាសន្តិសុខស្បៀងក្នុងគ្រួសារ។ យោងលើសមិទ្ធផលដែលរំលេចឡើងដោយលោកអភិបាលស្រុក ឯកឧត្តមប្រធានបានថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ជូនចំពោះឯកឧត្តមប្រធានក្រុមការងារចុះឃុំ សហការី លោកអភិបាលស្រុក ឃុំ និងសប្បុរសជនដែលបានបរិច្ចាគថវិកា ពេលវេលា និងកំលាំងកាយចិត្ត រួមគ្នាយកចិត្តទុកដាក់ដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋបានទាន់ពេលវេលា និងមានប្រសិទ្ធភាពដូចជា ៖ ភ្លើងឆេះផ្ទះ ខ្យល់កន្រ្តាក់ គ្រោះថ្នាក់ចរាចរ ការឧបត្ថម្ភដល់ចាស់ជរាគ្មានទីពឹង ផ្ទះសប្បុរសធម៌ ការអនុវត្តគោលនយោបាយ ក៣ (កើត ការ និងមរណ:) និងគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ការអនុវត្តវិធានការ ៣កុំ ៣ការពារ។ ឆ្លៀតយកឱកាសនេះ ឯកឧត្តមប្រធានក្រុមការងារក៏បានជម្រាបជូនអង្គពិធីផងដែរអំពីផែនការសកម្មភាពសំខាន់ៗរបស់រាជរដ្ឋាភិបាលក្នុងការស្តារសេដ្ឋកិច្ចជាតិឡើងវិញក្រោយពេលវិបត្តិកូវីដ-១៩ ការរៀបចំ និងដឹកនាំកិច្ចប្រជុំកំពូលរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី ៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ។ល។ ការពង្រឹងកិច្ចសហប្រតិបត្តិការថ្នាក់តំបន់ និងពិភពលោកដើម្បីពង្រីកទីផ្សារកសិផល និងការវិនិយោគលើគ្រប់វិស័យ រួមទាំងបញ្ហាសំខាន់ៗដែលជាឧបសគ្គក្នុងដំណើរការស្តារសេដ្ឋកិច្ចជាតិមានដូចជាបញ្ហាប្រេង ជី និងការដឹកជញ្ជូនឡើងថ្លៃ ដោយសារសង្រ្គាមរវាង រុស្សី-អ៊ុយក្រែន។ល។ ទោះជាយ៉ាងណា ឯកឧត្តមប្រធានក្រុមការងារក៏បានផ្តល់ក្តីសង្ឃឹមជូនប្រជាពលរដ្ឋថារាជរដ្ឋាភិបាលនឹងខិតខំដោះស្រាយបញ្ហាឲ្យបានទាន់ពេលវេលា និងមាន ប្រសិទ្ធភាពខ្ពស់។ ព្រមជាមួយគ្នា ឯកឧត្តមក៏បានសំណូលពរប្រជាពលរដ្ឋឲ្យខិតខំជួយខ្លួន ឯង សកម្មស្តារសេដ្ឋកិច្ចគ្រួសារ បង្កបង្កើនផល ចូលរួមអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព។ ដោយឡែក អាជ្ញាធរស្រុក ឃុំ និងកងកំលាំងទាំងបី ត្រូវយកស្មារតីទទួលខុសត្រូវ ពង្រឹងការងារផ្តល់សេវាសាធារណ: សន្តិសុខ សណ្តាប់ធ្នាប់សង្គម ចរាចរ ល្បែងស៊ីសង បងធំ បងតូច គ្រឿងញៀណ ចោលួច-ប្លន់ និងបទល្មើសផ្សេង។ល។ ឯកឧត្តមបានបញ្ជាក់ជូនច្បាស់ថា “ការអភិវឌ្ឍមូលដ្ឋានដើម្បីប្រជាពលរដ្ឋស្ថិតលើដៃយើង ហើយអំណាច និងតួនាទីរបស់អាជ្ញាធរមូលដ្ឋាន ក៏នៅលើដៃរបស់ប្រជាពលរដ្ឋ” ហេតុនេះ អាជ្ញាធរមូលដ្ឋានត្រូវយកអស់ស្មារតីទទួលខុសត្រូវខ្ពស់លើបញ្ហាសុខទុក្ខ ជីវភាព និងសុខដុមរមានរបស់ប្រជាពលរដ្ឋ។ក្នុងពិធីសំណេះសំណាលក៏មានលេចចេញសំណួរ មតិ និងសំណូមពរពីសមាជិកនៃអង្គពិធីជាច្រើនដូចជា ÷ ស្តារប្រឡាយ និងកប់លូរំដោះទឹក ជីប្រឡាយថ្មី ចាក់ដី ជួសជុលផ្លូវលំ ទីតាំងចាក់សំរាម បញ្ហាសេវាទូរស័ព្ទ ជួសជុលដំបូលសាលា បញ្ហាអនាម័យនៅទីវត្តអារាម ទីផ្សារ មុខរោងចក្រ និងសាលារៀន បញ្ហាខ្វះទឹកធ្វើស្រែប្រាំង និងលូសាធារណស្ទះ។ល។ អ្វីដែលទាក់ទងនឹងដែនសមត្ថកិច្ចរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកប្រគល់ជូនអង្គភាពជំនាញ ប្រធានមន្ទីរ និងឯកឧត្តម លោកជំទាវ សមាជិកក្រុមការងារចុះទៅពិនិត្យ រួចពិចារណាដោះស្រាយជូនយោងលើការចាំបាច់។ ដោយឡែក អ្វីដែលនៅក្រៅពីសមត្ថកិច្ចរបស់ក្រសួង លោកបានជូនទៅឯកឧត្តមអភិបាលរងខេត្ត លោកអភិបាលស្រុក និងមន្ទីរពាក់ព័ន្ធពិនិត្យ និងដោះស្រាយជូនតាមសំណូមពរ។ ដំណោះស្រាយបឋម ឯកឧត្តមបានប្រគល់ថវិកាចំនួន ៧លានជូនលោកអភិបាលស្រុកទុកដោះស្រាយបញ្ហាជូនតាមសំណើប្រជាពលរដ្ឋ ព្រះចៅអធិការវត្ត ២លានរៀល ប្រជាពលរដ្ឋម្នាក់ ២០០០០រៀល។ ដោយឡែកសំណើសំខាន់ៗមួយ ចំនួនទៀតក្រុមការងារនឹងចុះមកពិនិត្យ និងដោះស្រាយជូនជាបន្តបន្ទាប់៕សហការី

Leave a Reply

Your email address will not be published. Required fields are marked *